(បរទេស)៖ នៅសល់រយៈពេលតែ ២ថ្ងៃទៀតប៉ុណ្ណោះស្មាតហ្វូនជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន Huawei ម៉ូដែល Enjoy 60 នឹងប្រកាសចេញជាផ្លូវការរួមជាមួយម៉ូដែល Mate X3 និង P60 ក៏នឹងចេញមកថ្ងៃតែមួយផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។

យោងតាមផ្ទាំង Poster ដែលបានចែករំលែកដោយក្រុមហ៊ុន Huawei កាលពីពេលថ្មីៗនេះបានបង្ហាញពីពេលវេលាដែលត្រៀមនឹងដាក់បង្ហាញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន នៅថ្ងៃទី២៣ ខែមីនា ខាងមុខនេះ ដែលនឹងធ្វើឡើងនៅក្នុងប្រទេសចិន។ ក្នុង Poster នោះបានបញ្ជាក់ពីជម្រើសពណ៌ចំនួនពីរដែលត្រៀមចេញផ្សាយរួមជាមួយនឹងការបំពាក់នៅលេនកាមេរ៉ាខាងក្រោយពីគ្រាប់ ដោយលេនទី១ មានទំហំ 48MP (មេហ្គាភិចស៊ែ) និងលេនទី២ មានកម្រិតថតរូបភាពច្បាស់ដល់ទៅ 2MP ឯណោះ។

ចំណុចពិសេសរបស់ Enjoy 60 នឹងមានបំពាក់ម៉ាស៊ីនស្កេនក្រយៅដៃ (fingerprint) នៅចំហៀងដែលរួមបញ្ចូនទៅក្នុងផែ្នកតែមួយនៃប៊ូតុង lock screen។ លើសពីនេះទៅទៀតតាមរយៈរបាយការណ៍លេចធ្លាយមុនបានបង្ហាញថា Enjoy 60 នឹងបំពាក់ជាមួយនឹងកម្លាំងថ្មរហូតដល់ 6,000mAh (មីលីអំពែរម៉ោង) កម្រិតសាកថ្មលឿន 22.5W (វ៉ាត់) និងចេញមកជាមួយដំណើរការ HarmonyOS 3.0៕