(សៀមរាប)៖ ក្រុមហ៊ុន ព្រូដិនសល បានប្រារព្ធខួបលើកទី១០ឆ្នាំរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា និងបានប្រារព្ធខួបលើកទី១៧៥ឆ្នាំ នៃប្រវត្តិសាស្រ្តរបស់ខ្លួនទូទាំងពិភពលោកផងដែរ។ ពិធីប្រារព្ធកម្មវិធីអបអរសារទរខួបលើកទី១០ឆ្នាំនេះ រៀបចំឡើងនៅក្នុងខេត្តសៀមរាប។

ការប្រារព្ធពិធីនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់ក្រុមហ៊ុនព្រូដិនសល ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ព្រូដិនសល ភីអិលស៊ី ស្របពេលនេះក៏កំពុងប្រារព្ធព្រឹត្តិការណ៍នេះ បានបង្ហាញពីការរួមចំណែករបស់ក្រុមហ៊ុនទៅក្នុងវិស័យធានារ៉ាប់រង និងសហគមន៍ ការរួមចំណែកផ្លាស់ប្តូរប្រព័ន្ធឌីជីថល និងការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនផងដែរ។

កម្មវិធីអបអរសាទរនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក រស់ សីលវ៉ា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា, លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា, លោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា, លោក លន់ សំអុល ប្រធាននាយកដ្ឋានត្រួតពិនិត្យ១ ធនាគារជាតិនៃកម្ពុជា, លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា, លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី, Shriti Vadera ប្រធានក្រុមប្រឹក្សាភិបាល ព្រូដិនសល ភីអិលស៊ី, លោក Solmaz Altin អគ្គនាយកគ្រប់គ្រងយុទ្ធសាស្ត្រ នៃអាជីវកម្មរបស់ក្រុមហ៊ុនព្រូដិនសល ភីអិលស៊ី, លោក Sanjay Chakrabarty អគ្គនាយកប្រតិបត្តិក្រុមហ៊ុន ព្រូដិនសលកម្ពុជា

ក្រុមហ៊ុនព្រូដិនសល បានដើរតួយ៉ាងសំខាន់ ក្នុងការលើកកម្ពស់នៃការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុនៅកម្ពុជា ដោយការផ្តល់ជូននូវផលិតផល និងសេវាកម្មធានារ៉ាប់រងអាយុជីវិត ដល់អតិថិជនរាប់ពាន់នាក់នៅទូទាំងប្រទេស។ ក្រុមហ៊ុនត្រូវបានទទួលស្គាល់ ក្នុងការចូលរួមចំណែករបស់ខ្លួន ក្នុងវិស័យធានារ៉ាប់រង។

ក្រុមហ៊ុន ព្រូដិនសល ក៏បានប្តេជ្ញាចិត្តក្នុងការចូលរួមចំណែក ទ្រទ្រង់ដល់សហគមន៍ កន្លងមកក្រុមហ៊ុន បានផ្តល់ថវិកាជាង៧លានដុល្លារអាមេរិក ចាប់តាំងពីឆ្នាំ១០១៣មកម្លះ ហើយមួយចំនួនធំនៃថវិកានេះ ត្រូវបានប្រើប្រាស់លើគម្រោង សម្រាប់ការអប់រំរួមមានគម្រោង First Read ក្រោមភាពជាដៃគូជាមួយអង្គការ Save The Children មានចំនួន៥លានដុល្លារអាមេរិក និងគម្រោង Safe School ដែលមានចំនួន៧៣៥,០០០ដុល្លារអាមេរិក។

ក្រុមហ៊ុនក៏បានគាំទ្រគំនិតផ្តួចផ្តើមផ្សេងទៀតរួមមានគម្រោង Cha-Ching ការបរិច្ចាកដើម្បីទប់ស្កាត់ ជំងឺឆ្លង Covid-19 និងកម្មវិធីរត់ប្រមូលថវិកា ដើម្បីមូលនិធិគន្ធបុប្ផាសម្រាប់កុមារ។

លោក រស់ សីលវ៉ា បានថ្លែងថា «សេដ្ឋកិច្ចកម្ពុជាមានកំណើន ក្នុងអត្រាខ្ពស់ក្នុងរយៈពេលពីរទស្សវត្សចុងក្រោយនេះ ដែលធ្វើឲ្យទីផ្សារធានារ៉ាប់រងមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស។ ទីផ្សារនេះមានអត្រាកំណើនជាមធ្យម ២៥% ក្នុងមួយឆ្នាំក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ហើយអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានចេញបទប្បញ្ញត្តិជាច្រើន ដើម្បីពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ សម្រាប់ក្រុមហ៊ុនធានារ៉ាប់រង សមិទ្ធិផលនៃវិស័យធានារ៉ាប់រងរបស់កម្ពុជា ជាលទ្ធផលនៃការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រវាងភាគីពាក់ព័ន្ធ រួមទាំងក្រុមហ៊ុនព្រូដិនសលកម្ពុជាផងដែរ»

លោក ប៊ូ ច័ន្ទភីរូ បានថ្លែងថា «ឆ្នាំ២០២២ ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានចូលរួមចំណែកយ៉ាងសំខាន់ ចូលទៅក្នុងទីផ្សារកម្ពុជា ដែលក្រុមហ៊ុនទទួលបានចំណែកទីផ្សាររហូតដល់ ៣៦% ជាមួយនឹងផលិតផលការការពារ ការសន្សំ និងអំណោយផ្សេងៗ។ ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានបណ្តុះបណ្តាលភ្នាក់ងារធានារ៉ាប់រងមានជំនាញវិជ្ជាជីវៈចំនួន៥,៥០២ ដើម្បីបម្រើទីផ្សារជាបុគ្គលិកផ្នែកលក់ ភ្នាក់ងារបុគ្គល និងបុគ្គលិកផ្នែកលក់ប៊េងកាសួរេន។ ការដាក់ឲ្យប្រើប្រាស់ InsurTech របស់ក្រុមហ៊ុនផងដែរ បានអនុញ្ញាតឱ្យក្រុមហ៊ុនបន្តបម្រើអតិថិជន ក្នុងអំឡុងពេលជំងឺ COVID-19»

ក្រុមហ៊ុនក៏បានចាប់យកនូវវិធីសាស្រ្តដ៏រឹងមាំ ដោយផ្តល់ឱ្យអតិថិជននូវជម្រើសជាច្រើន ក្នុងការទិញផលិតផលធានារ៉ាប់រងរបស់ខ្លួន។ ផលិតផល និងសេវាកម្មធានារ៉ាប់រងដែលផ្តល់ជូន តាមរយៈភាពជាដៃគូ ប៊េងកាសួរេន បានជួយបង្កើនលទ្ធភាពទទួលបាន សេវាធានារ៉ាប់រងនៅកម្ពុជា ដែលមានសារៈសំខាន់ សម្រាប់សុខុមាលភាពហិរញ្ញវត្ថុ និងសន្តិសុខរបស់បុគ្គល និងក្រុមគ្រួសារ។

លោក Solmaz Altin បានថ្លែងថា «ព្រូដិនសល ជាក្រុមហ៊ុនធានារ៉ារងអាយុជីវិតអន្តរជាតិដំបូងគេមួយ ដែលបានចាប់ផ្តើមប្រតិបត្តិការនៅកម្ពុជានៅក្នុងឆ្នាំ២០១៣។ ខណៈពេលដែលប្រទេសកម្ពុជាអាចជាទីផ្សារថ្មី សម្រាប់ក្រុមហ៊ុនព្រូដិនសល យើងមានភាពជឿជាក់លើសក្តានុពលភាព សម្រាប់រយៈពេលវែងរបស់យើង និងចំពោះតួនាទីដែលយើងអាចបន្ត ដើម្បីបង្កើនភាពរឹងមាំ និងការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុ។ យើងប្តេជ្ញាសហការជាមួយរាជរដ្ឋាភិបាល និយ័តករ និងដៃគូសហការ ដើម្បីបង្កើតផលិតផលប្រកបដោយភាពច្នៃប្រឌិត និងដើម្បីជួយប្រជាជនឱ្យទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីជីវិត»

លោក Sanjay Chakrabarty បានឲ្យដឹងថា «ព្រូដិនសលកម្ពុ ជាបានដំណើរការអស់រយៈពេល១០ឆ្នាំមកហើយ ដែលក្រុមហ៊ុនបានក្លាយ ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយ។ ក្រុមហ៊ុនបានផ្តល់នូវផលិតផលជាច្រើនប្រភេទ ដល់អតិថិជនជាង៣២១,០០០នាក់ និងបានអនុម័តលើការទាមទារសំណងជាង១៨លានដុល្លារអាមេរិកកាលពីឆ្នាំ២០២២។ ជាមួយផលិតផលឌីជីថលរាប់ម៉ឺនផលិតផល ដែលបានលក់កន្លងមក នឹងបន្តបង្កើតផលិតផលថ្មី ដើម្បីបំពេញតម្រូវការរបស់អតិថិជន ហើយនឹងបន្តរក្សានូវតម្លៃស្នូល នៃភាពជឿជាក់ ការផ្តោតសំខាន់លើអត្ថប្រយោជន៍អតិថិជន និងឧត្តមភាព»