(អាហ្សាក់)៖ ក្លិបបាល់ទាត់ PSV Eindhoven បានសម្រេចដាក់ពិន័យអ្នកគាំទ្ររបស់ខ្លួនម្នាក់មិនឲ្យទស្សនាផ្ទាល់រយៈពេល ៤០ឆ្នាំ ដោយសាររំលោភបំពានចូលទីលានវាយកីឡាករចាំទីខាងគូប្រជែងនាពេលថ្មីៗនេះ។

តាមរយៈគេហទំព័រកីឡា BBC បានចេញផ្សាយនៅថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣ នេះថា បុរសដែលមានវ័យ ២០ឆ្នាំម្នាក់ហ៊ានចូលទីលានវាយប្រតាយប្រតប់ជាមួយ Marko Dmitrovic ដែលជាអ្នកចាំទីខាងក្លិប Sevilla ក្នុងប្រកួត UEFA Europa League កាលសប្តាហ៍មុន។

បុរសដែលមិនត្រូវបានគេបញ្ចេញឈ្មោះនោះ ទំនងជាអាចកាត់ទោសជាប់ពន្ធនាគាររយៈពេល ៣ខែ និងពិន័យជាប្រាក់មួយចំនួនទៀតដែរ ដ្បិតកន្លងមករូបគេ ក៏ជាប់បម្រាមពីការចូលទស្សនាបាល់ទាត់ក្នុងកីឡដ្ឋានជាតិនៃប្រទេសហូឡង់រួចមកហើយ។

ដូចគ្នានោះដែរ ក្រុមលេងនៅលីគកំពូលហូឡង់ PSV ក៏អាចនឹងរងទណ្ឌកម្មធ្ងន់ធ្ងរពីសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA ទៀតដែរ បន្ទាប់ពីមានការបើកការស៊ើបអង្កេតករណីមានអ្នកគាំទ្ររត់ចូលក្នុងទីលាន ពេលអំឡុងប្រកួតដូច្នេះ។

យ៉ាងណាក្តី Dmitrovic នៅតែអាចបន្តការប្រកួតបានជាធម្មតា ក្នុងប្រកួតដែល Sevilla ចាញ់ក្រុមម្ចាស់ផ្ទះ PSV Eindhoven ដោយលទ្ធផល ២ទល់នឹង០ តែពួកគេ (Sevilla) នៅតែអាចឈានទៅវគ្គ ៨ក្រុម ដោយផ្អែកលើលទ្ធផលទាំងពីរជើង ពួកគេឈ្នះ ៣-២។ អតីតជើងឯកពាន Europa League ចំនួន ៦សម័យកាលនេះដែរ នឹងត្រូវប៉ះគូប្រជែងធំ Manchester United នៃវគ្គ ៨ក្រុមចុងក្រោយជាបន្តទៀត៕