(ក្រុងឡុងដ៍)៖ ខ្សែប្រយុទ្ធ Marcus Rashford រួមទាំងខ្សែបម្រើ Mason Mount និងកីឡាករចាំទី Nick Pope ត្រូវបានដកឈ្មោះចេញពីក្រុមតោកំណាចអង់គ្លេស សម្រាប់ការប្រកួតជម្រុះពានរង្វាន់អឺរ៉ុប Euro 2024 ក្នុងខែនេះ។

តាមរយៈគេហទំព័រកីឡា BBC បានចេញផ្សាយនៅថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣ នេះថា Rashford ត្រូវបានដកឈ្មោះចេញពីជម្រើសជាតិអង់គ្លេស បើទោះបីជាបានជួយក្លិបបិសាចក្រហម Manchester United ឈានទៅវគ្គ ៤ក្រុមចុងក្រោយពាន FA Cup បន្ទាប់ពីលេងឈ្នះ Fulham នារាត្រីថ្ងៃអាទិត្យក៏ដោយ នៅពេលមិត្តរួមជាតិ Pope ដែលធ្លាប់លេងឲ្យជម្រើសជាតិបាន ១០លើកមកនោះបានជួបបញ្ហារបួស ក្នុងប្រកួតដែល Newcastle United យកឈ្នះ Nottingham Forest កាលពីរាត្រីថ្ងៃសុក្រ។

ចំណែកឯ Mason Mount វិញ បានកំពុងសម្រាកព្យាបាលរបួសក្នុងក្លិបតោខៀវ Chelsea នៅឡើយ។

ដំបូងឡើយ លោក Gareth Southgate គ្រូបង្វឹកអង់គ្លេស ក៏បានបញ្ចូលឈ្មោះ Mount ទៅក្នុងបញ្ជី ២៥នាក់ដែរ ក៏ប៉ុន្តែអ្នកចាត់ការទូទៅ Chelsea លោក Graham Potter បាននិយាយថា កីឡាករវ័យ ២៤ឆ្នាំរូបនេះ នឹងមិនអាចលេងឲ្យជម្រើសជាតិបានឡើយ ក៏ព្រោះតែបញ្ហារបួសនៅមិនទាន់ជាសះស្បើយ ១០០%។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមអង់គ្លេសបានឲ្យដឹងថា «កីឡាករចំនួន ២៣នាក់បានមកដល់ទីលានហ្វឹកហាត់ St. George កាលពីថ្ងៃចន្ទម្សិលមិញ»។ ពួកគេត្រូវធ្វើដំណើរទៅប៉ះក្រុមម្ចាស់ផ្ទះអ៉ីតាលីនាថ្ងៃទី២៣ ខែមីនា និងធ្វើជាម្ចាស់ផ្ទះទទួលអ៊ុយក្រែនវិញនៅកីឡដ្ឋាន Wembley នៅ ៣ថ្ងៃបន្ទាប់លេងជម្រុះ Euro 2024 សម្រាប់ពូល C ដែលមានម៉ាល់តា (Malta) និងម៉ាសេដូន (North Macedonia) ផងដែរ៕