(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ នៅបរិវេណវិទ្យាល័យបាក់ទូក មានប្រារព្ធកម្មវិធីបិទការប្រកួត ដណ្តើមពានរង្វាន់បាល់ទាត់មិត្តភាព តំណាងយុវនិស្សិតខេត្តបន្ទាយមានជ័យ រៀននៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ឡាយ គឹមលី នាយខុទ្ទកាល័យ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ជាលទ្ធផល នៃការប្រកួតក្នុងចំណោមក្រុមកីឡាតំណាង០៩ក្រុងស្រុក នៃខេត្តបន្ទាយមានជ័យ ម្ចាស់ជ័យលាភីលេខ១ បានទៅលើក្រុមកីឡាករ ស្រុកម៉ាឡៃ, លេខ២ បានទៅលើក្រុមកីឡាករ ក្រុងសិរីសោភ័ណ និងលេខ ៣ បានទៅលើក្រុមកីឡាករ ក្រុងប៉ោយប៉ែត។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានលើកឡើងថា ពានរង្វាន់បាល់ទាត់មិត្តភាព តំណាងយុវនិស្សិត ខេត្តបន្ទាយមានជ័យនេះ បានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមពី នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមានការគាំទ្រពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធ បាល់ទាត់កម្ពុជា រីឯក្នុងនាមលោកផ្ទាល់បានធានាឧបត្ថម្ភរាល់ការចំណាយទាំងស្រុងនៅគ្រប់ការប្រកួត ដែលក្នុងឆ្នាំនេះ គឺជាកម្មវិធីលើកទី៤ហើយ ខណៈដែលបច្ចុប្បន្នមាននិស្សិតខេត្តបន្ទាយមានជ័យ កំពុងស្នាក់នៅ និងរៀនសូត្រ នៅរាជធានីភ្នំពេញ មានរហូតដល់ចំនួន ៣,៧៩២នាក់។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សូមសម្តែងការកោតសរសើរយ៉ាងក្រៃលែង ចំពោះគណកម្មការ រៀបចំការប្រកួត និងក្រុមកីឡាករ ដែលបានចូលរួមដំណើរការកម្មវិធីមួយនេះរហូតបញ្ចប់ដោយជោគជ័យ និងសូម សម្តែងនូវអារម្មណ៍ មនោសញ្ចេតនាជ្រាលជ្រៅ ចាត់ទុកការរៀបចំការប្រកួតមួយនេះ គឺពិតជាមានអត្ថន័យខ្លាំងណាស់ ព្រោះវាមិនត្រឹមតែបាននាំមកនូវសុខភាពប៉ុណ្ណោះទេ គឺថែមទាំងនាំមកជាមួយនូវមនោសញ្ចេតនាផ្សាភ្ជាប់ នឹកដល់ស្រុកកំណើត ព្រមទាំង សាមគ្គីភាព មិត្តភាព ហើយក៏ជា មាគ៌ាមួយ ជួយឲ្យយុវវ័យ ជៀសឆ្ងាយអំពី អំពើអបាយមុខ គ្រប់ប្រភេទជាពិសេសជៀសឆ្ងាយពីគ្រឿងញៀន និងជាស្ពាន ឆ្ពោះទៅរកអាជីពការងារ ប្រកបដោយកិត្តិយស ជាឱកាសបង្កើតនូវមនោសញ្ចេតនាស្និទ្ធស្នាលមួយ រវាងយុវវ័យ ដែលរៀននៅសាលាផ្សេងគ្នា ស្រុកផ្សេងគ្នា បានមកស្គាល់រាប់អានគ្នាប្រៀបដូចជា បងប្អូនសាច់ញាតិផងដែរ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបន្ថែមថា គាប់ជួនណាស់ យើងនៅខ្វះតែ៤៧ថ្ងៃ រាប់ថយក្រោយទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ាន ប៉ារ៉ា ហ្គេម លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំ២០២៣ ដូច្នេះការរៀបចំការប្រកួតរបស់យើង នាឱកាសនេះ គឺអាចនិយាយបានថា ជាផ្នែកមួយជួយបង្ហាញនូវ ការគាំទ្រ ព្រឹត្តិការដ៏អស្ចារ្យ របស់ជាតិយើងនាពេលខាងមុខ ហើយក៏ជាការរួមចំណែក បង្ហាញនូវការរីកចម្រើន លើវិស័យកីឡាបាល់ទាត់កម្ពុជា បន្ទាប់ពីបានចាប់ផ្តើមឡើងដោយបាតដៃទទេ ក្រោយរបប ៣ឆ្នាំ ០៨ខែ និង២០ថ្ងៃ ដែលការរីកចម្រើនទាំងនេះ ក៏ដោយសារមានការដឹកនាំដ៏ឈ្លាសវៀងវៃ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចតេជោ ជាស្ថាបនិកនយោបាយឈ្នះឈ្នះ ជាមគ្គុទ្ទេសក៍ឯក ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញដែលកម្ពុជាពុំធ្លាប់មានជាង៥០០ឆ្នាំ ក្រោយសម័យអង្គរ ជាមេដឹកនាំដ៏ឆ្នើមដែលបានដឹកនាំកម្ពុជា ឲ្យមានការរីកចម្រើន លើគ្រប់វិស័យ មានកិត្តិស័ព្ទ ល្បាញល្បីលើពិភពលោក ជាពិសេសក្នុងកាលៈទេសៈប្រឈមជាមួយ សភាពការណ៍រាតត្បាត នៃជំងឺឆ្លងកូវីដ-១៩ ដែលបានកើតឡើងនាពេលថ្មីៗនេះ សម្តេចតេជោបានដាក់ចេញនូវវិធានការ អន្តរាគមន៍ជាច្រើន និងមានប្រសិទ្ធិភាព ក្នុងការប្រឆាំងកូវីដ-១៩ បានស្តារនូវស្ថានភាពកម្ពុជាឲ្យវិលមករកភាពប្រក្រតីយ៉ាងឆាប់រហ័សទើបយើងមានឱកាស រៀបចំកម្មវិធី ជួបជុំផ្សេងៗជាថ្មី ឡើងវិញយ៉ាងសប្បាយរីករាយ។

ឆ្លៀតក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ប្រកបដោយគារវភក្តី ដ៏ស្មោះអស់ពីដួងចិត្ត ប្រកាសគាំទ្រ យ៉ាងពេញទំហឹងសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់នីតិកាល ទី៧នៃរដ្ឋសភា និងគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត៕