(កំពង់ស្ពឺ)៖ ណាហ្គាវើលដ៍បេះដូងសប្បុរស «NagaWorld Kind Hearts» ដែលជាផ្នែកការងារទំនួលខុសត្រូវសង្គម របស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានសហការជាមួយ Beyond The Games (BTG) រៀបចំទិវាគ្រួសារ «Family Day» នៅកីឡដ្ឋានកំពង់ស្ពឺជាកីឡដ្ឋាន ដែលទើបនឹងដាក់សម្ពោធនាពេលថ្មីៗ។ ទិវាគ្រួសារ «លើសពីការប្រកួត» នេះ នឹងរៀបចំឡើងនៅថ្ងៃអាទិត្យ ទី២៦ ខែមីនានេះ ក្នុងគោលបំណងលើកកម្ពស់ និងផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។

ប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ លើកដំបូងនៅក្នុងខែឧសភានេះ។ «លើសពីការប្រកួត» ឬហៅជាភាសាអង់គ្លេសថា «Beyond The Games» គឺជាគំនិតផ្តួចផ្តើមដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលមានគោលបំណងលើកស្ទួយ និងផ្សព្វផ្សាយប្រទេសកម្ពុជា លើសពីភាពជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដោយបង្ហាញពីវប្បធម៌ ប្រវត្តិសាស្ត្រ និងម្ហូបប្រពៃណីខ្មែរ -ល-។

ណាហ្គាវើលដ៍បេះដូងសប្បុរស និង Beyond The Games នឹងផ្តល់ជូននូវល្បែងកម្សាន្តលក្ខណៈគ្រួសារសប្បាយៗជាច្រើននៅថ្ងៃ «ទិវាគ្រួសារ» ឬ Family Day នេះ។ ក្នុងខណៈពេលដែលកីឡដ្ឋានកំពង់ស្ពឺ គឺជាកីឡដ្ឋានក្នុងទឹកដីរបស់ក្លិបបាល់ទាត់ណាហ្គាវើលដ៍ NagaWorld FC កីឡាកររបស់ក្លិប ក៏នឹងមានវត្តមាននៅទីនោះ ដើម្បីជួបជាមួយអ្នកគាំទ្រ និងលេងហ្គេមជាមួយអ្នកចូលរួមផងដែរ។ ណាហ្គាវើលដ៍បេះដូងសប្បុរស នឹងតាំងបង្ហាញពានរង្វាន់ Stevie ដ៏មានកិត្យានុភាព១៥ ដែលពួកគេបានឈ្នះដែលរួមបញ្ចូលពានរង្វាន់មាស ដែលពួកគេបានឈ្នះក្នុងឆ្នាំ២០២១ផងដែរ។

អ្នកចូលរួម ក៏នឹងមានឱកាសបង្ហាញជំនាញរបស់ពួកគេ តាមរយៈការលេងហ្គេមបាល់ទាត់សប្បាយៗជាច្រើន ឬក៏អាចឧបត្ថម្ភជាទឹកប្រាក់ ដើម្បីទិញកូនឈើយកទៅដាំដោយដាក់ឈ្មោះរបស់ពួកគេទៀតផង។ នៅក្នុងទិវានេះ នឹងផ្តល់ជូននូវការកម្សាន្ត និងការអប់រំផងដែរសម្រាប់អ្នកចូលរួមគ្រប់វ័យ។ Beyond The Games នឹងបង្ហាញពីវប្បធម៌ និងប្រវត្តិសាស្ត្រដ៏ល្អផូរផង់របស់ប្រទេសកម្ពុជា តាមរយៈសកម្មភាពកីឡា និងការលេងហ្គេមផ្សេងៗ។ អ្នកចូលរួម ក៏អាចជួយបត់ក្រដាសរាងបេះដូង ដើម្បីជួយ BTG ឲ្យទទួលបានក្រដាសរាងបេះដូងចំនួន១លាន នៃឯតទគ្គកម្មហ្គីណេសពិភពលោកផងដែរ។

លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានបញ្ជាក់អំពីអារម្មណ៍រំភើបថា «ណាហ្គាវើលដ៍បេះដូងសប្បុរស មានមោទកភាពក្នុងការគាំទ្រ Beyond The Games ដើម្បីជួយអភិវឌ្ឍសហគមន៍ និងកីឡាយុវជន នៅក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះសម្រាប់ប្រទេសកម្ពុជា។ វាជាឱកាសដ៏អស្ចារ្យសម្រាប់ពួកយើងដែលត្រូវផ្តល់ត្រឡប់ដល់សហគមន៍ និងភ្ជាប់ទំនាក់ទំនងជាមួយគ្រួសារ និងមិត្តភក្តិតាមរយៈព្រឹត្តិការណ៍ដែលប្រកបដោយការអប់រំ និងសប្បាយរីករាយនេះ»

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៤ កម្មវិធីការងារសង្គមរបស់ណាហ្គាវើលដ៍បេះដូងសប្បុរស បានផ្តល់ប្រយោជន៍ដល់កុមារ និងប្រជាពលរដ្ឋនៅក្នុងសហគមន៍ជាង ៤៩៦,៥៤០នាក់ និងទទួលបានរង្វាន់ក្នុងតំបន់ និងអន្តរជាតិជាង ៣០ ដែលរួមបញ្ចូលពានរង្វាន់ Stevie ចំនួន១៥ ដែលបានឈ្នះចន្លោះពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២៕