(បរទេស)៖ តារាសម្តែងប្រុសល្បីឈ្មោះវ័យ ៧៥ឆ្នាំ ចូលរួមសម្តែងក្នុងរឿងល្បី «Jurassic World» លោក Sam Neill បានប្រាក់អ្នកគាំទ្រ ពីស្ថានភាពសុខភាពរបស់លោកថា លោកនៅតែល្អប្រសើរ បន្ទាប់ពីថ្មីៗនេះ លោកត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺមហារីកគ្រាប់ឈាម។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Yahoo នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។

តារាវ័យ ៧៥ឆ្នាំរូបនេះ បានបង្ហោះសារ Instagram នាពេលថ្មីៗនេះ ដើម្បីប្រាប់អ្នកគាំទ្រថា លោកបានសម្រាកអស់រយៈពេល ៨ខែចុងក្រោយ។ ជាមួយការស្លៀកពាក់ធម្មតា មានអាវយឺតពណ៌ស លោក Neill បាននិយាយនៅក្នុងវីដេអូដ៏វែងមួយថា «គួរឲ្យធុញបន្តិច» ក្នុងការស្តាប់អំពីបញ្ហាសុខភាពរបស់លោកនៅក្នុងព័ត៌មាន ត្បិតថាពេលនេះលោកនៅមានជីវិត និងមានសុខភាពល្អ។

យោងតាមលោក Neill ស្ថានភាពសុខភាពរបស់លោកបានប្រសើរ ដោយលោកថា លោករីករាយណាស់ដែលបានត្រឡប់ទៅធ្វើការវិញ។ នៅសប្តាហ៍ក្រោយ លោកនឹងត្រឡប់មកវិញនៅមុខកាមេរ៉ា ដោយរួមសម្តែងជាមួយ Annette Bening ក្នុងការសម្របខ្លួននាពេលខាងមុខ។ លោក Neill បាន​បន្ត​ពន្យល់​ថា លោក​មិន​ដែល​គិត​ថា​ ​នឹង​មាន​អាជីព​សម្តែង​ដ៏​រីក​ចម្រើន​បែប​នេះ​ទេ។ នោះ​ជា​ហេតុផល​មួយ​ដែល​លោក​ ខំចងក្រងសៀវភៅមួយឡើង ក្រោមចំណងជើងថា «ភាពយន្ត ជីវិត ស្នេហា និង​មហន្តរាយ​ផ្សេងៗ»។

បញ្ចប់នៃវីដេអូ តារាប្រុសរូបនេះ បានស្នើសុំ​អ្នកគាំទ្រផ្ដោត​លើ​សៀវភៅ ជាជាង​ជំងឺមហារីក ដែលលោកកំពុងមាន៕