(ភ្នំពេញ)៖​ ធនាគារ ហត្ថា ម.ក ជាធនាគារដែលមានបណ្តាញសាខាប្រតិបត្តិការធំជាងគេលំដាប់ទី២ ក្នុងព្រះរាជាណាចក្រកម្ពុជា មានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានទទួលលិខិតថ្លែងអំណរគុណ និងកោតសរសើរពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងនាមជាសហគ្រាសដែលជាប់ចំណាត់ថ្នាក់លេខ១១ ក្នុងចំណោមសហគ្រាស ដែលបង់ពន្ធជូនរដ្ឋច្រើនជាងគេ និងទទួលបានអនុលោមភាពសារពើពន្ធប្រភេទមាស ក្នុងឆ្នាំ ២០២២។

ធនាគារ ហត្ថា ម.ក ចាក់ទុកការទទួលបានការសរសេរនេះ ជាទីមោទនារបស់ខ្លួន ដែលបានរួមចំណែកក្នុងការបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ និងជាកម្លាំងចលករមួយចំណែកក្នុងការចូលរួមអភិវឌ្ឍ និងលូតលាស់នៃសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា៕