(ឡុងដ៍)៖ អតីតអ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេស លោក Roy Hodgson ត្រូវបានតែងតាំងជាថ្មីម្តងទៀត ធ្វើជាអ្នកចាត់ការក្លិប Crystal Palace រហូតដល់ចប់រដូវកាលនេះ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។

លោក Patrick Vieira ដែលត្រូវបានតែងតាំងជំនួសលោក Hodgson កាលពីខែកក្កដា ឆ្នាំ២០២១ នោះត្រូវបានបណ្តេញចេញដោយក្លិប Palace កាលពីថ្ងៃសុក្រ បន្ទាប់ពីដំណើរការ ១២ប្រកួត គ្មានជ័យជម្នះទាល់តែសោះ នៅគ្រប់ការប្រកួតទាំងអស់។

លោក Hodgson វ័យ ៧៥ឆ្នាំដែលបានដឹកនាំក្លិប Watford ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២២ នោះបានចាកចេញពីតំណែង បន្ទាប់ពីក្លិបត្រូវបានកាត់ចេញ ពីលីគ Championship។

លោក Hodgson បានលើកឡើងថា​ លោកមិនរំពឹងថា នឹងទទួលបានការងារដឹកនាំមួយទៀត ក្នុងក្លិបនៅលីគកំពូលអង់គ្លេស Premier League នោះទេ បន្ទាប់ពីការចាកចេញរបស់លោកពីក្លិប Watford។

​Palace កំពុងស្ថិតនៅចំណាត់ថ្នាក់ទី១២ ក្នុងលីគកំពូលអង់គ្លេស ប៉ុន្តែមានតែ ៣ពិន្ទុប៉ុណ្ណោះលើតំបន់កាត់ចេញ។

ការដឹកនាំប្រកួតដំបូងរបស់លោក Hodgson នៅអំឡុងពេលទទួលបានឱកាសដឹកនាំ Palace ជាលើកទី២ នោះ គឺនឹងត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុម Leicester នៅថ្ងៃទី០១ ខែមេសាខាងមុខ៕