(បរទេស)៖ ខ្សែប្រយុទ្ធជួរមុខ Emmuel Adebayor ដែលជាអ្នករកបានច្រើនគ្រាប់ជាងគេនៅ Premier League ឈរនៅចំណាត់ថ្នាក់លេខ៤ ក្នុងនាមកីឡាករអាហ្រ្វិកនោះ បានសម្រេចចិត្តព្យួរស្បែកជើងបាល់ទាត់ជាផ្លូវការហើយ ក្នុងវ័យ ៣៩ឆ្នាំ។

អតីតខ្សែប្រយុទ្ធតូហ្គោ (Togo) ដែលរកបាន ៣២គ្រាប់ ពីការចូលលេង ៨៥ប្រកួតសម្រាប់ប្រទេសលោកនោះ បានបញ្ចប់អាជីពក្នុងក្លិប Semassi ដែលស្ថិតក្នុងស្រុកកំណើតរបស់លោកតែម្តង។

រូបគេស៊ុតបាន ៩៧គ្រាប់ក្នុងលីគកំពូលអង់គ្លេស Premier League នៃអំឡុងកាលលេងឲ្យ Arsenal, Manchester City និង Tottenham Hotspur ដោយឈរនៅលេខរៀងទី៤ សម្រាប់កីឡាករមកពីតំបន់អាហ្រ្វិក តាមពីក្រោយ Didier Drogba ស៊ុតបាន ១០៤គ្រាប់, Sadio Mane មាន ១១១គ្រាប់ និង Mohamed Salah លេងឲ្យ Liverpool បច្ចុប្បន្នេះរកបាន ១៣១គ្រាប់។

កាលនៅជាកីឡាករអាជីព Adebayor ធ្លាប់ត្រូវបានព្យួរជើង ២ប្រកួតនៅក្លិបកាំភ្លើងធំ Arsenal នាឆ្នាំ២០០៩ ពីបទរិះគន់អ្នកគាំទ្រ និងដកបញ្ឈរជើង ៣ប្រកួតផ្សេងទៀត ពីបទឈ្លោះទាស់ទែងគ្នាជាមួយមិត្តរួមក្រុម Robin van Persie។

Adebayor បានបង្ហោះសារនៅលើ Instagram របស់ខ្លួនដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ថា «ពីចំណុចខ្ពស់ទៅទាប។ ទីបំផុតអាជីពជាអត្តពលិករបស់ខ្ញុំបានដើរដល់ផ្លូវបញ្ចប់ហើយ។ សូមអរគុណដល់អ្នកគាំទ្រទាំងអស់។ ខ្ញុំពិតជាមានអារម្មណ៍អស្ចារ្យខ្លាំងណាស់នាពេលកន្លងមក និងទទឹងរង់ចាំដោយក្តីរីករាយ ចំពោះអ្វីថ្មីដែលនឹងមកដល់បន្តទៀត»