(បរទេស)៖ ប្រទេសចិនប្រកាសផ្តល់ជំនួយ និងរៀបចំគោលនយោបាយថ្មីសម្រាប់ក្រុមហ៊ុនផលិតបន្ទះឈីបនៅលើទឹកដីរបស់ខ្លួន ដោយក្នុងនោះក្រុមហ៊ុនផលិតបន្ទះឈីបមួយចំនួនតូចនឹងទទួលបានអត្ថប្រយោជន៍ពីគោលនយោបាយថ្មីនេះ ស្របពេលដែលក្រុមហ៊ុនផលិតឈីបអាមេរិកធំៗកំពុងបង្វែខ្សែសង្វាក់ផលិតកម្មចេញទៅប្រទេសផ្សេង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។

ក្រុមហ៊ុនផលិតបន្ទះឈីបដែលគេរំពឹងថានឹងទទួលបានជំនួយពីរដ្ឋាភិបាលចិនរួមមាន Semiconductor Manufacturing International (SMIC), Hua Hong Semiconductor និង Huawei ជាដើម។ ហើយក្នុងនោះក្រុមហ៊ុនដែលទទួលការផ្គត់ផ្គង់ឧបករណ៍ផលិតឈីបដូចជា Naura និង Advanced Micro-Fabrication Equipment Inc China ក៏ប្រហែលជាទទួលបានអត្ថប្រយោជន៍ពីគោលនយោបាយនេះផងដែរ។

យ៉ាងណាមិញបើយោងតាមរបាយការណ៍ Reuters កាលពីខែធ្នូកន្លងទៅបានឱ្យដឹងថា រដ្ឋាភិបាលចិនកំពុងធ្វើការលើកញ្ចប់ជំនួយចំនួន ១៤៥.៣៤ពាន់លានដុល្លារ សម្រាប់ឧស្សាហកម្ម Semiconductor របស់ខ្លួន ចំពេលមានការរឹតបន្តឹងរបស់អាមេរិកក្នុងគោលបំណងកាត់បន្ថយភាពជឿនលឿនផ្នែកបច្ចេកវិទ្យាក្នុងប្រទេសចិន។ បន្ថែមពីនេះទៅទៀតសម្រាប់ក្រុមហ៊ុនផលិតបន្ទះឈីប ដែលត្រូវបានរដ្ឋាភិបាលចិនជ្រើសរើស នឹងមានលទ្ធភាពទទួលបានមូលនិធិបន្ថែមទៀតពីរដ្ឋាភិបាល ក្រៅពីកញ្ចប់ជំនួយ ហើយនឹងត្រូវបានកាត់បន្ថយការរឹតបន្តឹងមួយចំនួនដែលរដ្ឋាភិបាលចិនធ្លាប់បានដាក់ការរឹតបន្តឹង ព្រមទាំងត្រូវបានអនុញ្ញាតឱ្យដើរតួនាទីកាន់តែធំនៅក្នុងគម្រោងស្រាវជ្រាវដែលឧបត្ថម្ភដោយរដ្ឋផងដែរ៕