(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុន TikTok លោក Shou Zi Chew បានអះអាងថា ក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance មិនមែនជាកម្មសិទ្ធិ ដែលត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាល ឬអង្គភាពណាមួយរបស់ចិនឡើយ។ ខ្ញុំសូមបញ្ជាក់ឱ្យច្បាស់អំពីរឿងនេះ ByteDance «មិនមែនជាភ្នាក់ងាររបស់ប្រទេសចិន ឬប្រទេសណាមួយឡើយ»។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។

ប្រភពខាងលើបានឱ្យដឹងថា លោក Shou Zi Chew ដែលជានាយកប្រតិបត្តិក្រុមហ៊ុន TikTok នឹងផ្តល់សក្ខីកម្មនៅថ្ងៃស្អែកនេះនៅមុខសភាអាមេរិកថា «TikTok មិនដែលចែករំលែក ឬទទួលបានសំណើឱ្យចែករំលែកទិន្នន័យអ្នកប្រើប្រាស់អាមេរិកជាមួយរដ្ឋាភិបាលចិននោះទេ ហើយ TikTok ក៏នឹងមិនគោរពសំណើបែបនេះដែរ ប្រសិនបើរដ្ឋាភិបាលចិនបញ្ជា»

គួរបញ្ជាក់ដែរថា កន្លងមកអាមេរិកធ្លាប់បានជម្រុញឱ្យ TikTok ផ្តាច់ខ្លួនចេញពីក្រុមហ៊ុនចិន ByteDance បើមិនដូច្នេះទេកម្មវិធីនេះអាចប្រឈមនឹងការហាមឃាត់ទូទាំងសហរដ្ឋអាមេរិក រួមទាំងបណ្តាប្រទេសសហភាពអឺរ៉ុបផងដែរ។ ខណៈអ្នកប្រើប្រាស់ TikTok ប្រចាំខែបច្ចុប្បន្ននេះកំពុងកើនឡើងកាន់តែខ្លាំងនៅអាមេរិករហូតដល់ ១៥០ លាននាក់ឯណោះ៕