(ភ្នំេញ)៖ ក្រុមការងាររៀបចំ «ភូមិស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម» បានរៀបចំក្រុងពាលីបួង សួងសុំទឹកដី និងដំណើរការនៅបរិវេណ ប្រាសាទបាយ័ន នៅព្រឹកថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតិភាពរបស់ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមការងារចង្កោមទី៣ ផ្តោតលើកម្មវិធីផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ កម្មវិធីភូមិបេតិកភណ្ឌវប្បធម៌ និងក្រុមការងារកម្មវិធីគុនល្បុក្កតោ និងលោកជំទាវ កែ សួនសុភី។

ពិធីក្រុងពាលីនេះ គឺជាពិធីដែលរៀបចំឡើង ដើម្បីបួងសួងសុំទឹកដី និងទីកន្លែងសាងសង់សម្រាប់ធ្វើការរៀបចំទីតាំងព្រឹត្តិការណ៍ និងសុំ សេចក្ដីសុខសប្បាយ ជូនដល់ក្រុមការងាររៀបចំទាំងអស់ឲ្យទទួលបាននូវជោគជ័យគ្រប់ភារកិច្ច ដោយរលូននៅក្នុងព្រឹត្តិការណ៍អង្គរ សង្រ្កាន្ត ឆ្នាំ២០២៣ និងសម្រាប់បូជាក្រុងពាលី ដោយមានការចូលរួមពី សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ថ្នាក់ដឹកនាំ មន្ត្រី រាជការ អាជ្ញាធរមានសមត្ថកិច្ច និង សិស្សានុសិស្ស នៃខេត្តសៀមរាប ផងដែរ។

ក្រុមការងារ នឹងរៀបចំ «ភូមិស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម»នឹងដំណើរសកម្មភាព ការងាររបស់ខ្លួននៅអំឡុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំថ្មី ប្រពៃណីជាតិខ្មែរចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ដែលមាន ទីតាំងនៅក្បែប្រាសាទបាយ័ន ក្នុង គោលបំណងបង្ហាញនិងផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពី ព្រះរាជាណាចក្រកម្ពុជាក្នុងភាពជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្រោមប្រធានបទ «កីឡារស់ក្នុងសន្តិភាព» ព្រមទាំងចូលរួមចំណែក ជំរុញ និងលើកទឹកចិត្ត ប្រជាជនកម្ពុជា ក្នុងការ លើកតម្កើនមោទកភាពជាតិ ភាពដ៏សម្បូរបែប និង សក្ដានុពលរបស់កម្ពុជា លើកឆាកជាតិ និងអន្តរជាតិ។

កម្មវិធី «ភូមិស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម» នេះនឹងបង្ហាញអំពីមោទកភាពជាតិខ្មែរ ដែលកម្ពុជា គ្តោងធ្វើជាម្ចាស់ផ្ទះកីឡា ដ៏ធំប្រចាំតំបន់ អាស៊ានមួយនេះ នៅក្នុងខែឧសភាឆាប់ៗខាង មុខ។ ទីតាំងនេះដែរ នឹងរំលេចឡើងនូវផ្ទាំង ទស្សនីយភាពជាច្រើនដូចជា ពិព័រណ៌ ប្រភេទ កីឡា សកម្មភាព លេងកីឡាកម្សាន្តនានា ដែល មហាជនអាចចូលរួមទស្សនា ស្វែងយល់ និង លេងកម្សាន្ត ដែលកម្មវិធីនេះរៀបចំនៅលាន ជល់ដំរី។

តាមរបាយការណ៍ ពីក្រសួងទេសចរណ៍ ក្នុង កម្មវិធីអង្គរសង្ក្រាន្តចុងក្រោយដែលរៀបចំ កាលពីឆ្នាំ២០១៨ គឺមានមហាជនចូលរួមប្រមាណ ជាង ១លាន ៨សែននាក់ ខណៈព្រឹត្តិការណ៍ នេះបានស្រូបនៅសេដ្ឋកិច្ចប្រមាណ ១០៨លាន ដុល្លារអាមេរិក។ ចំណែក ចូលឆ្នាំថ្មីប្រពៃណី ជាតិខ្មែរនៅពាក់កណ្ដាល ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ កម្មវិធីអង្គរសង្ក្រាន្ត និងមានកម្មវិធីប្រចាំថ្ងៃ កម្មវិធីទស្សនីយ៍ភាព កម្មវិធីថ្មី និងកម្មវិធីនៅតំបន់ផ្សេងជាច្រើន ដែលត្រៀមទទួលស្វាគមន៍មហាជនមកពីទីជិតឆ្ងាយ ចូលរួមកម្សាន្ត និងទស្សនាផងដែរ៕