(ប៊ែកឡាំង)៖ អតីតខ្សែបម្រើក្លិប Arsenal, Real Madrid និងក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ កីឡាករ Mesut Ozil បានប្រកាសចូលនិវត្តន៍ពីវិស័យបាល់ទាត់ ក្នុងវ័យ ៣៤ឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។

Ozil បានឈ្នះពានរង្វាន់ចំនួន៩ អំឡុងពេលប្រកបអាជីពលើវាលស្មៅ ក្នុងនោះរួមទាំងពានរង្វាន់ FA Cup ចំនួន៣ និងពានរង្វាន់ La Liga ក្នុងឆ្នាំ២០១២ ផងដែរ។

លោកបានទទួលការកោះហៅ ចំនួន ៩២លើកលេងឲ្យក្រុមជម្រើសជាតិអាល្លឺម៉ង់ និងជាផ្នែកមួយនៃក្រុមជម្រើសជាតិ ដែលបានលើកពាន World Cup ឆ្នាំ២០១៤ នៅប្រទេសប្រេស៊ីលដែរ។

​Ozil បានចាប់ផ្តើមអាជីពរបស់លោកនៅក្លិប Schalke និងក្លិប Werder Bremen មុនពេលផ្លាស់ទៅលេងឲ្យ Real Madrid នៅឆ្នាំ២០១០ ដោយបានឈ្នះពានរង្វាន់​ La Liga, Copa del Rey និងពានរង្វាន់ Spanish Super Cup។

Ozil បានចូលរួមជាមួយ Arsenal ជាមួយនឹងតម្លៃកំណត់ត្រារបស់ក្លិប ៤២.៤លានផោនកាលពីខែកញ្ញា ឆ្នាំ២០១៣។

​ជាមួយក្រុមជម្រើសជាតិវិញ Ozil បានជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់អាល្លឺម៉ង់ចំនួន ៥លើក ហើយក៏ជាផ្នែកមួយនៃក្រុមដែលបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ឆ្នាំ២០១០ និង Euro ឆ្នាំ២០១២ ផងដែរ។

គួររំលឹកថា លោក Ozil បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាល្លឺម៉ង់ កាលពីឆ្នាំ២០១៨៕