(ហាណូយ)៖ ពិធីដង្ហែព្រះអគ្គិជ័យកីឡា បានធ្វើដំណើរមកដល់ទីក្រុងហាណូយ ប្រទេសវៀតណាមហើយនៅប្រមាណម៉ោង ៩យប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ក្រោយចាកចេញពីខេត្តសៀមរាប បន្ទាប់ពីព្រះរាជាពិធីបួងសួងសុំព្រះអគ្គីកីឡា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា កាលពីព្រឹកថ្ងៃទី២១ ខែមីនា ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទរអង្គរវត្ត ខេត្តសៀមរាប។

ពិធីដង្ហែព្រះអគ្គិជ័យកីឡានេះ ដឹកនាំដោយលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស តំណាងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) និងប្រតិភូ ដែលចាត់តែងដោយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC ដើម្បីបំពេញបេសកកម្មជាប្រវត្តិសាស្ដ្រឲ្យទទួលបានជោគជ័យជូនជាតិ ។

ប្រទេសវៀតណាម ជាប្រទេសដំបូងនៃពិធីដង្ហែព្រះអគ្គីជ័យកីឡា សម្រាប់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទៅកាន់បណ្ដាប្រទេសសមាជិកទាំង ១០នេះ គឺបានទទួលការស្វាគមន៍មកដល់អាកាសយានដ្ឋានអន្ដរជាតិណូយបាយ ពីលោកស្រី ជា គឹមថា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម ព្រមទាំងតំណាងអាជ្ញាធរកីឡាវៀតណាម អមការដង្ហែដោយម៉ូតូសារ៉ែន ១គ្រឿង ដើម្បីដង្ហែទៅរក្សាទុកនៅស្ថានទូតកម្ពុជាផងដែរ ។

គួរដឹងថា ពិធីដង្ហែព្រះអគ្គិជ័យកីឡា នឹងត្រូវធ្វើឡើងឆ្លងកាត់បណ្ដាប្រទេសតំបន់អាស៊ាន និងទីម័រខាងកើត ចាប់ពីថ្ងៃទី២២ ខែមីនា ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដោយបេសកជនពិសេសលោក ហោ សារុន និងប្រតិភូតំណាង CAMSOC ខាងលើ ត្រូវសហការជាមួយស្ថានទូត និងស្ថានតំណាងនៃកម្ពុជាប្រចាំប្រទេសនានា ហើយសហការជាមួយអាជ្ញាធរ និងរដ្ឋអំណាចកីឡាប្រចាំប្រទេសនីមួយៗ ដើម្បីរៀបចំពិធីដ៏មានអត្ថន័យ ឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះឲ្យទទួលបានជោគជ័យ ។

បន្ទាប់ពីប្រទេសវៀតណាម ពិធីដង្ហែនេះ នឹងត្រូវឆ្លងកាត់បណ្ដាប្រទេសផ្សេងៗទៀត រហូតដល់ឡាវ ដែលជាប្រទេសចុងក្រោយគេ ត្រូវរៀបចំពិធីដង្ហែព្រះអគ្គិជ័យកីឡា មុនដង្ហែត្រឡប់ចូលប្រទេសកម្ពុជាវិញ នៅថ្ងៃទី២៧ ខែមេសា តាមច្រកទ្វារព្រំដែនអន្ដរជាតិត្រពាំងក្រៀល-ណងណុកឃៀន ។ រាល់ធ្វើដំណើរឆ្លងកាត់ ឬសម្រាកនៅប្រទេស ក៏ដូចជារាធានី-ខេត្តនីមួយៗ ចង្កៀងរក្សាព្រះអគ្គីជ័យកីឡា នឹងត្រូវរក្សានៅស្ថានទូត ឬទីវត្តអារាម យ៉ាងត្រឹមត្រូវបំផុត ។

ក្រោយបញ្ចប់ពិធីដង្ហែព្រះអគ្គីអាទិទេពកីឡា នៅបណ្ដាប្រទេសតំបន់អាស៊ាន និងទីម័រខាងកើត គឺជាពេលវេលារៀបចំពិធីដង្ហែព្រះអគ្គិកីឡា តាមបណ្ដាខេត្តជាប់បឹងទន្លេសាបវិញម្ដង ដោយចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តកំពង់ឆ្នាំង ពោធិ៍សាច់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ល្ងាចថ្ងៃទី០៥ ខែឧសភា ខ្ទង់វេលាម៉ោង ៨៖៣០នាទីយប់ ពោលគឺចំពេលប្រារព្ធពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ជាផ្លូវការតែម្ដង ។

ជាមួយពិធីដង្ហែព្រះអគ្គិជ័យកីឡាដ៏មានអត្ថន័យខាងលើ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសិស្ស-និស្សិត ទាំងក្នុងស្រុក និងក្រៅស្រុក ពិសេសអ្នករត់នៅតាមបណ្ដាប្រទេសត្រូវព្រះអគ្គីអាទិទេពកីឡាឆ្លងកាត់ សូមចូលរួមអបអរសាទរឲ្យបានច្រើនកុះករ ដើម្បីជាចំណែកមួយ ក្នុងការអបអរសាទរដំណើរឆ្ពោះទៅព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជា ក្រោយការរង់ចាំអស់រយៈពេល ៦៤ឆ្នាំ គឺការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ។

លោកបានគូសបញ្ជាក់ថា ពិធីដង្ហែព្រះអគ្គិជ័យកីឡានេះ មិនត្រឹមតែជាពិធីមួយ ដែលជានិមិត្តរូបតំណាងឲ្យការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នោះទេ ប៉ុន្ដែក៏ជាការបង្ហាញពីភាពរឹងមាំ មោះមុត ការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យក្នុងប្រទេសកម្ពុជា ក្រោមដំបូងសន្ដិភាព។

លើសពីនេះ ព្រះអគ្គិជ័យកីឡា ដែលដង្ហែគ្រប់បណ្ដាប្រទេសក្នុងតំបន់ គឺជាការពង្រឹងសាមគ្គីភាព ចំណងមិត្តភាព ភាពចុះសម្រុងគ្នា និងសុខដុមរមនាតាមរយៈការប្រកួតកីឡា ដែលជាប្រជាជាតិអាស៊ានតែមួយ មានទស្សនៈតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ រស់នៅក្នុង «សហគមន៍សន្ដិភាព និងវាសនាតែមួយ»