(ព្រុចសែល)៖ ជម្រើសជាតិបែលហ្សិក បានបញ្ជាក់ថា កីឡាករ Kevin De Bruyne នឹងបំពេញតួនាទី ជាប្រធានក្រុមថ្មី នៃក្រុមបាល់ទាត់ជម្រើសជាតិរបស់ពួកគេ, នេះបើយោងតាមសារព័ត៌មាន Live Score ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។

តារាបាល់ទាត់ក្លិប Manchester City រូបនេះ បានទទួលតួនាទីបន្តពីកីឡាករ Eden Hazard ដែលបានប្រកាសចូលនិវត្តន៍ ពីក្រុមជម្រើសជាតិ កាលពីខែធ្នូកន្លទៅ ក្រោយពីការធ្លាក់ចេញ នៅវគ្គជម្រុះក្នុងពូលរបស់បែលហ្សិក នាព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២។

De Bruyne នឹងបំពេញតួនាទីជាមួយក្រុមនឹងមានការដឹកនាំស្ថិតក្រោមគ្រូបង្វឹកថ្មី Domenico Tedesco ខណៈខ្សែបម្រើ De Bruyne បានជាប់ឈ្មោះ ៩៧លើកមកហើយក្នុងការលេងឲ្យក្រុមជម្រើសជាតិបែលហ្សិក ដោយរកគ្រាប់បាល់ ២៥គ្រាប់។

ជាមួយគ្នានោះ អ្នកចាំទី Real Madrid កីឡាករ Thibaut Courtois និងខ្សែប្រយុទ្ធ Romelu Lukaku ដែលកំពុងលេងខ្ចីជើង នៅក្លិប Inter ពីក្លិប Chelsea នោះ ត្រូវបានតែងតាំងជាអនុប្រធានក្រុម។

បែលហ្សិក នឹងចាប់ផ្តើមយុទ្ធនាការជម្រុះ Euro ឆ្នាំ២០២៤ របស់ពួកគេ នៅថ្ងៃសុក្រសប្តាហ៍នេះ ត្រូវប៉ះស៊ុយអែត នៅទីក្រុង Stockholm ដែលពួកគេបានស្ថិតក្នុងពូល F ជាមួយអូទ្រីស, អាស៊ែបៃហ្សង់ និងអេស្តូនី។

ជាមួយគ្នានោះ ក្រុមរបស់លោក Tedesco ក៏នឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះ Euro ឆ្នាំ២០២៤ អាល្លឺម៉ង់ ក្នុងលក្ខណៈមិត្តភាព នៅថ្ងៃទី២៨ ខែមីនាខាងមុខផងដែរ៕