(បរទេស)៖ អាជ្ញាកណ្តាលសញ្ជាតិអេហ្ស៊ីប Mohamed Farouk ត្រូវបានព្យួរពីតួនាទីបណ្តោះអាសន្ន ពីបទប្រើប្រាស់ទូរសព្ទរបស់អ្នកគាំទ្រ ដើម្បីបដិសេធគ្រាប់បាល់ចូលទីក្នុងប្រកួតលីគនាពេលថ្មីៗនេះ។

តាមរយៈគេហទំព័រកីឡា BBC បានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣ នេះថា ក្រុមបាល់ទាត់ Al-Nasr រកបានគ្រាប់តាមស្មើ ២-២ ចុងម៉ោងក្នុងការប្រកួតទល់នឹងម្ចាស់ផ្ទះ Suez កាលពីរាត្រីថ្ងៃសុក្រសប្តាហ៍មុននៃលីគលំដាប់ទី២ របស់អេហ្ស៊ីប។

ក្នុងប្រកួតនោះដែរ ពុំមានប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាលទេ (VAR) ក៏ប៉ុន្តែអាជ្ញាកណ្តាលធំក្នុងទីលាន គឺលោក Farouk បានប្រើប្រាស់ទូរសព្ទអ្នកគាំទ្រ ដើម្បីពិនិត្យគ្រាប់បាល់ចូលទីឡើងវិញ បន្ទាប់ពីក្រុមម្ចាស់ផ្ទះតវ៉ាថា បាល់នោះ មានការប៉ះដៃ និងធ្វើការបដិសេធវិញ។

ក្នុងសេចក្តីថ្លែងការណ៍របស់សហព័ន្ធបាល់ទាត់អេហ្ស៊ីបបានសម្រេចថា «ពួកគេបានព្យួរតួនាទីបណ្តោះអាសន្នចំពោះមន្រ្តីអាជ្ញាកណ្តាលទាំងអស់ ស្របពេលគណៈកម្មាធិការអាជ្ញាកណ្តាល ក៏បានបើកការស៊ើបអង្កេតបន្ថែមទៀតដែរទៅលើលោក Farouk ពីបទប្រើប្រាស់ទូរសព្ទអ្នកគាំទ្រ ក្នុងការកាត់ក្តីក្នុងប្រកួតនេះ»

អាជ្ញាកណ្តាល Farouk បានចាកចេញពីទីលានប្រកួតដោយមានប៉ូលីសជួយការពារ ក្នុងហ្វូងកីឡាករ និងមន្រ្តីក្លិប Al-Nasr មានការគំរាមតវ៉ាដោយហឹង្សាមកលើរូបលោក ក្រោយពេលលទ្ធផលផ្លូវការបញ្ចប់ការប្រកួត Suez បានយកឈ្នះ Al-Nasr ៣ទល់នឹង១៕