(បរទេស)៖ ក្រសួងអប់រំ យុវជន និងកីឡា អង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (ហៅកាត់ថា ខេប) និងក្រុមហ៊ុន Meta បានប្រកាសដាក់ដំណើរការកម្មវិធីសិក្សាថ្មីមួយនៅក្នុងខែមេសាខាងមុខនេះ ដើម្បីលើកកម្ពស់ជំនាញឌីជីថលនៅក្នុងវិស័យអប់រំសម្រាប់សិស្សានុសិស្សកម្ពុជា។

កម្មវិធីអក្ខរកម្មឌីជីថលខ្មែរ (Khmer Digital Literacy Programme) ត្រូវបានបង្កើតឡើងក្រោមកិច្ចសហការគ្នារវាងក្រសួងអប់រំ, អង្គការខេន និងមានការគាំទ្រជាថវិកា និងបច្ចេកទេសដោយក្រុមហ៊ុន Meta។

ជាការចាប់ផ្តើម សាលាជំនាន់ថ្មីចំនួន ៦ នឹងត្រូវបានជ្រើសរើស ហើយគ្រូបង្គោលចំនួន ១២នាក់ មកពីសាលារៀនទាំង ៦នេះ នឹងត្រូវបានជ្រើសរើសផងដែរដើម្បីទទួលការបណ្តុះបណ្តាលនៅក្នុងកម្មវិធី អក្ខរកម្មឌីជីថលខ្មែរ។

លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា (MoEYS) មានប្រសាសន៍ថា៖ «ខ្ញុំរង់ចាំមើល លទ្ធផលរបស់កម្មវិធីអក្ខរកម្មឌីជីថលខ្មែរ ថាតើកម្មវិធីនេះនឹងផ្តល់លទ្ធផលជាវិជ្ជមានដល់សិស្ស និងគ្រូរបស់យើងកម្រិតណា។ វគ្គបណ្តុះបណ្តាលនេះនឹងផ្តល់ជូនសាលារៀននូវជំនាញចាំបាច់ដើម្បីភាពរីកចម្រើនក្នុងយុគសម័យឌីជីថល ហើយយើងរង់ចាំមើលការលូតលាស់ និងភាពជោគជ័យរបស់ពួកគេ»

សិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោល (ToT) ដែលរួមបញ្ចូលគ្នានូវកម្មវិធីសិក្សា ព័ត៌មានវិទ្យា ដែលមានស្រាប់នៅក្នុងសាលាជំនាន់ថ្មី និងកម្មវិធី We Think Digital នឹងផ្តល់ជូនគ្រូបង្គោលនូវចំណេះដឹងដើម្បីបង្រៀនក្នុងកម្មវិធីបណ្តុះបណ្តាលអក្ខរកម្មនេះដល់សិស្សនៅតាមសាលាគោលដៅ។

កម្មវិធីបណ្តុះបណ្តាលនេះមានគោលបំណងផ្តោតលើអ្នកដែលទើបនឹងប្រើប្រាស់អ៊ីនធឺណិតក៏ដូចជាអ្នកដែលចង់លើកកម្ពស់ជំនាញឌីជីថលដែលមានស្រាប់។

កម្មវិធីអក្ខរកម្មឌីជីថលខ្មែរ គ្រោងនឹងចាប់ផ្តើមនៅខែមេសា ឆ្នាំ២០២៣ ហើយនឹងមានរយៈពេល ៦ខែ ដែលនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២៣។ ក្នុងអំឡុងពេលសិក្សារយៈពេល ៦ខែនេះ ក្រសួងអប់រំ យុវជន និងកីឡា អង្គការខេប និងក្រុមហ៊ុន Meta សង្ឃឹមថាគ្រូបង្គោលទាំង១២នាក់នឹងចែកចាយបន្ត និងបង្រៀនចំណេះដឹងដែលគាត់ទទួលបានដល់សិស្សចំនួនពី ៣០០០ ទៅ ៥០០០នាក់ជាមួយនឹងជំនាញ និងចំណេះដឹងឌីជីថលដែលពួកគេអាចប្រើប្រាស់ជាក់ស្តែង។

លោកបណ្ឌិត ហេង ភក្តី ប្រធានគោលនយោបាយសាធារណៈនៃក្រុមហ៊ុន Meta ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា៖ «នៅក្រុមហ៊ុន Meta យើងជឿថាអក្ខរកម្មឌីជីថលមានសារៈសំខាន់សម្រាប់មនុស្ស គ្រប់គ្នាក្នុងការចូលរួមយ៉ាងពេញលេញនៅក្នុងពិភពឌីជីថល។ យើងមានមោទនភាពដែលបានគាំទ្រដល់កម្មវិធីអក្ខរកម្មជីថលខ្មែរនិងកិច្ចប្រឹងប្រែងរបស់កម្មវិធីនេះក្នុងការផ្តល់ជូនពលរដ្ឋកម្ពុជានូវជំនាញដែលត្រូវការដើម្បីប្រើប្រាស់អ៊ីនធឺណិតប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។ យើងមានសេចក្តីរំភើប រីករាយដែលមើលឃើញលទ្ធផលជាវិជ្ជមានដែលកម្មវិធីនេះនឹងផ្តល់ជូនសហគមន៍ហើយយើងនឹងបន្តភាពជាដៃគូរបស់យើងជាមួយកម្មវិធីនេះទៅមុខទៀត»

លោក ហ៊ីន ស៊ីមហួន នាយករងប្រតិបត្តិអង្គការខេប មានសេចក្តីសោមនស្សរីករាយក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុន Meta ដើម្បីដាក់ដំណើរការកម្មវិធីបណ្តុះបណ្តាលនេះ ដោយសារកម្មវិធីនេះនឹងជួយសិស្ស និងគ្រូបង្រៀនឱ្យ បង្កើនជំនាញឌីជីថលរបស់ពួកគេ។

លោកបានបន្តទៀតថា៖ «គោលដៅរបស់កម្មវិធីអក្ខរកម្មឌីជីថលគឺដើម្បីផ្តល់ ជូនចំណេះដឹង និងសមត្ថភាពដែលប្រជាពលរដ្ឋត្រូវការសម្រាប់ភាពរីកចម្រើនក្នុងយុគសម័យឌីជីថល នាពេលបច្ចុប្បន្ន តាមរយៈការផ្តល់ជូនមនុស្សគ្រប់គ្នានូវលទ្ធភាពទទួលបានចំណេះដឹងឌីជីថល តាមរយៈកម្មវិធីនេះ»