(បរទេស)៖ សៀវភៅកំណត់ត្រាពិភពលោកហ្គីណេស (Guinness World Records) បានចងក្រងទិន្នន័យស្ទ្រីមរបស់តារាដ៏ល្បីបំផុតរបស់ពិភពលោក ក្នុងនោះបានរកឃើញថា តារាចម្រៀងប្រុសម្ចាស់បទ «Blinding Lights» គឺ The Weeknd បានឈរនៅលើកំពូលតារាង ដោយមានអ្នកចូលស្តាប់ប្រចាំខែរហូតដល់ ១១១.៤លាននាក់។ ប្រការនេះធ្វើឲ្យលោក ក្លាយជាសិល្បករដ៏មានប្រជាប្រិយបំផុតនៅលើលោក ទទួលស្គាល់ដោយ Guinness World Records។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន CNA នៅធ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។

ក្រៅពីតារាប្រុស The Weeknd ឈរនៅតំណែងកំពូលលេខ១ គឺតាមពីក្រោយដោយ Miley Cyrus ស្ថិតនៅលំដាប់ទី២ ដែលមានអ្នកស្តាប់ប្រចាំខែ ៨២.៤លាននាក់ បន្ទាប់មក Shakira (៨១.៦ លាននាក់), Ariana Grande (៨០.៦លាននាក់), Taylor Swift (៨០.២ លាននាក់), Rihanna (៧៨.៥ លាននាក់) និង Ed Sheeran (៧៧.៥ លាននាក់)។ ហេតុផលដែលធ្វើឲ្យ The Weeknd ឈរនៅលេខ១ កើតឡើងបន្ទាប់ពីកំពូលតារាវ័យ ៣៣ឆ្នាំរូបនេះ បានឈ្នះបទ «Shape Of You» របស់ Ed Sheeran និងធ្វើឲ្យបទ «Blinding Lights» បានក្លាយជាបទចម្រៀង ដែលមានការពេញនិយមបំផុត គ្រប់ពេលនៅលើវេទិកាស្ទ្រីម Spotify។

គួរជម្រាបថា របាយការណ៍ខាងលើនេះកើតឡើង បន្ទាប់ពីមានករណីរំលោភលើសិទ្ធិអ្នកនិពន្ធ របស់តារាចម្រៀង ជនជាតិកាណាដា The Weeknd ត្រូវបានដោះស្រាយ៕