(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD គ្រោងបញ្ចេញនាឡិកាឆ្លាតវៃ (smartwatch) របស់ខ្លួនជាលើកដំបូងជាមួយនឹងមុខងារដែលអាចជំនួសតេលេបើកទ្វារថយន្តបាននៅអំឡុងខែមេសាខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ArenaEV នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។

ដំណោះស្រាយថ្មីរបស់ BYD លើកនេះអាចថាប្លែកអារម្មណ៍បន្តិចក្រៅពីការបំពាក់មុខងារបើកទ្វារថយន្តតាមរយៈស្មាតហ្វូន ឬតាមតេលេបញ្ជា ជំនួសមកជាវិញជាមួយនឹងប្រភេទនាឡិកាឆ្លាតវៃជំនាន់ថ្មី។ យោងតាមរូបរាងចេញផ្សាយ នាឡិកាឆ្លាតវៃរបស់ BYD មានរាងរង្វង់មូល និងមានប៊ួតុសម្រាប់បិទទ្វារថយន្តនៅខាងឆ្វេង និងប៊ូតុងសម្រាប់បើកទ្វារថយន្តនៅខាងស្តាំ លើសពីនេះទៅទៀតវាក៏អាចបញ្ជាបើកកញ្ចក់ និងបើកកន្ទុយរថយន្តបានថែមទៀតផង។

នាឡិកាឆ្លាតវៃ BYD ត្រូវបានបំពាក់ដោយអេក្រង់ Sapphire កម្រិត 360x360 ហើយអាចប្រើជាមួយនឹងប្រតិបត្តិការ Android 4.4 ឡើងទៅ និងប្រតិបត្តិការ iOS 7.1 ឡើងទៅ។ វាបានត្រូវបានបំពាក់ដោយថាមពលថ្ម 200mAh (មីលីអំពែម៉ោង) និងអាចកាន់ថ្មបានរហូតដល់ ៥ ទៅ ៧ថ្ងៃសម្រាប់ការបញ្ចូលពេញ មិនត្រឹមតែប៉ុណ្ណោះ BYD ក៏បានបំពាក់មកជាមួយនូវមុខងារតាមដានសុខភាពផងដែរ ជាពិសេសគឺ ការត្រួតពិនិត្យចង្វាក់បេះដូង ការតាមដានការគេង ការជូនដំណឹង (Notification) នឹងអាចទទួលការខលចូល ឬចេញបានថែមទៀតផង។

ចំពោះមុខងារពិសេសផ្សេងទៀត BYD នៅមិនទាន់បញ្ជាក់លម្អិតនៅឡើយនោះទេ ដូច្នេះមានតែរង់ចាំការប្រកាសជាផ្លូវការនៅខែក្រោយតែប៉ុណ្ណោះ៕