(ភ្នំពេញ)៖ លោកស្រី ជា គឹមថា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម បានបញ្ជាក់ថា ភាគីវៀតណាម បានផ្ដល់កិច្ចសហការយ៉ាងកក់ក្ដៅ ក្នុងការទទួលស្វាគមន៍ ក៏ដូចជារៀបចំពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅទីក្រុងហាណូយ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ស្អែកនេះ ។

ការលើកឡើងនេះ បន្ទាប់ពីលោកស្រី បានជួបពិភាក្សាការងារ ស្ដីពីការត្រៀមរៀបចំពិធីដង្ហែខាងលើ ជាមួយលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស តំណាងគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC នៅស្ថានទូត នាទីក្រុងហាណូយ នៅថ្ងៃទី២៤ ខែមីនានេះ ។ ជាមួយគ្នានោះ លោក ហោ សារុន ក៏បានចុះពិនិត្យទីតាំងសម្រាប់រៀបចំពិធីដង្ហែស្អែកផងដែរ ។

ឯកអគ្គរាជទូតកម្ពុជាខាងលើបន្ដថា «ចំពោះការរៀបចំនេះ យើងបានទទួលកិច្ចសហការយ៉ាងកក់ក្ដៅពីក្រសួងវប្បធម៌ ទេសចរណ៍ និងកីឡា របស់ប្រទេសវៀតណាម ពិសេសបន្ទាប់ពីយើងខ្ញុំ ទទួលបានការណែនាំពីគណៈកម្មាធិការជាតិ CAMSOC កាលពីដើមខែមីនាកន្លងទៅ យើងបានធ្វើការជាមួយភាគីវៀតណាម ហើយអជ្ញាធរពាក់ព័ន្ធទាំងអស់ បានរីករាយក្នុងការរៀបចំពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣»

លោកស្រីបន្ដថា តាមការគ្រោងទុកពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នេះ គ្រោងនឹងមានអ្នកចូលរួមប្រមាណ ៣០០ ទៅ ៤០០នាក់ ក្នុងនោះមានទាំងពលរដ្ឋ និងកីឡាករ-កីឡាការិនីវៀតណាម រួមទាំងនិស្សិតខ្មែរ សិក្សានៅទីក្រុងហាណូយ ហើយក៏នឹងមានការចូលរួមពីមន្ដ្រីទូតបណ្ដាប្រទេសអាស៊ាន និងតំណាងក្រសួងការបរទេស ប្រចាំនៅទីក្រុងហាណូយ ដើម្បីអបអរសាទរពិធីឆ្ពោះទៅព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានេះផងដែរ ។