(ភ្នំពេញ)៖ សាលា ប៊ែលធី អន្តរជាតិ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ បានរៀបចំកម្មពិធីសំណេះសំណាល និងចែករំលែកបទពិសោធន៍ សិក្សារបស់សិស្សប៊ែលធី និទ្ទេស A ចំនួន ៦៧រូប ជូនដល់សិស្សថ្នាក់ទី១២ ដែលត្រូវប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលខាងមុននេះ ប្រមាណ១,០០០នាក់ ក្រោមអធិបតីភាព លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប និង លោកស្រី។

លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅ បានឲ្យដឹងថា បច្ចុប្បន្នសាលា ប៊ែលធី អន្តរជាតិ មាន២៦សាខា ក្នុងនោះ២៤សាខាកំពុងដំណើរការ និង២សាខាកំពុងសាងសង់ ដែលមានបុគ្គលិកបម្រើការសរុបចំនួន២,៤៤៦នាក់ (នារី ១,០០៨នាក់) និងមានសិស្សានុសិស្សកំពុងសិក្សាសរុបចំនួន ៦០,៥៥៩នាក់ (នារី ២៩,២៩២នាក់)។

គិតត្រឹមឆ្នាំសិក្សា២០២១-២០២២ សាលា ប៊ែលធី អន្តរជាតិ មានសិស្សថ្នាក់ទី១២ ដែលបានប្រឡងបញ្ចប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ចំនួន ១៧,១០០នាក់ ក្នុងនោះ ជាប់ ១៤,៣៩៨នាក់ (ដប់បួនពាន់ បីរយកៅសិបប្រាំបីនាក់) ស្មើនឹង ៨៤.២០% និងទទួលបាន សិស្សនិទ្ទេសA ចំនួន ២៧៨នាក់ មានសិស្សពូកែទូទាំងរាជធានី ចំនួន ៩០នាក់ និងទូទាំងប្រទេស ចំនួន ២០នាក់។

ចំពោះសិស្សដែលបាន ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងទទួលបានសញ្ញាបត្រចំនួនពីរ៖ ១-ចេញដោយ សាលា ប៊ែលធី អន្តរជាតិ និង ២-ចេញដោយក្រសួងអប់រំ យុវជន និងកីឡា ហើយសញ្ញាបត្រទាំងពីរនេះ ត្រូវបានដាក់បញ្ចូល (Upload) ទៅក្នុងវែបសាយរបស់ប៊ែលធី ដើម្បីទុកជាកាលប្បវត្តិ សម្រាប់សិស្សគ្រប់រូបទាញយក (Download) ប្រើប្រាស់ជាផ្លូវការផងដែរ។

ក្នុងពិធីនេះដែរ សិស្សនិទ្ទេស A ចំនួន ៥រូប តំណាង សិស្សនិទ្ទេស A ទាំង ៦៧រូប បានចែករំលែកបទ ពិសោធន៍ជោគជ័យ ដែលមានកត្តា រួមផ្សំសំខាន់ៗ ចំនួន៤ គឺ៖
១៖ កត្តាខ្លួនឯង៖ ត្រូវខិតខំសិក្សារៀនសូត្រ និងមានគោលដៅ
២៖ កត្តាគ្រួសារ៖ មាតាបិតាផ្តល់ឱកាសសិក្សា និងជំរុញលើកទឹកចិត្តបុត្រធីតា
៣៖ កត្តាសាលា៖ មានកម្មវិធីសិក្សាល្អៗ កម្មវិធីសិក្សាបន្ថែមទាំង៩ គ្រូមានសមត្ថភាព បទពិសោធន៍ និងគរុកោសល្យ ព្រមទាំង មាន BELTEI App ជាជំនួយ ស្មារតីក្នុងការសិក្សា
និង៤៖ កត្តាសង្គម៖ ដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ស្ថិរភាព និងការអភិវឌ្ឍ លើគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ ដែលធ្វើឲ្យសិស្សមានឱកាសបានរៀនសូត្រ ខ្ជាប់ខ្ជួនទៅ តាមកម្មវិធីសិក្សារបស់ក្រសួង និងសាលាបានដាក់ចុះ។

ក្នុងឱកាសនោះ លោកបណ្ឌិត លី ឆេង បានកោតសរសើរចំពោះសិស្សនិទ្ទេស A ទាំង ៦៧រូប និងសិស្ស ជ័យលាភីទាំងអស់ ដែលបានយកចិត្ត ទុកដាក់ ខិតខំសិក្សារៀនសូត្រ ស្តាប់គ្រូពន្យល់ គោរពបទបញ្ជាផ្ទៃក្នុង មានវិន័យ សីលធម៌ និងគុណធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គមជាតិ រហូតទទួល បានជោគជ័យនាពេលនេះ។ ជាពិសេសបានចែករំលែកបទពិសោធន៍ជោគជ័យរបស់ខ្លួន ជូនដល់សិស្សប្អូនជំនាន់ក្រោយ ដើម្បីជាទុន សម្រាប់ត្រៀម ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាខាងមុននេះ។

លោកបណ្ឌិត ក៏បានថ្លែងអំណរគុណ ចំពោះមាតាបិតា និង អាណាព្យាបាល សិស្សទាំងអស់ ដែលបានផ្តល់ឱកាស និងជំរុញកូនៗ ឲ្យសិក្សាបន្ថែមនៅផ្ទះ ធ្វើកិច្ចការផ្ទះ និងគោរពវិន័យ សាលា ព្រមទាំងសហការ យ៉ាងជិតស្និត ជាមួយគណៈគ្រប់គ្រង នៅតាមបណ្តាសាខា នៃសាលា ប៊ែលធី អន្តរជាតិ។ លោកបណ្ឌិត ក៏បានជម្រាបជូនអង្គពិធីទាំងមូល អំពីតម្លៃដែលមិនអាច កាត់ថ្លៃបាន នៃសន្តិភាព ដែលយើងទាំងអស់គ្នា ត្រូវថែរក្សាការពារ ឲ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ គ្រប់ៗជំនាន់។

លោកបណ្ឌិត និងលោកស្រី បានប្រគល់លិខិតសរសើរ និងប្រាក់រង្វាន់ជូនដល់សិស្សនិទ្ទេស A ទាំង ៦៧រូប ព្រមទាំងនាយកសាខា និងលោកគ្រូ-អ្នកគ្រូ ថ្នាក់ទី១២ ដែលមានស្នាដៃបង្រៀនសិស្សទទួលបាននិទ្ទេស A ចំនួន ១៥៣រូប នាពេលនោះផងដែរ៕