(បរទេស)៖ អតីតប្រធានផ្នែកផ្សព្វផ្សាយពាណិជ្ជកម្មនៅ Meta Platform ដែលជាក្រុមហ៊ុនមេរបស់ Facebook លោក Dan Levy នឹងលាលែងពីតំណែងនៅខែឧសភាខាងមុខនេះ បន្ទាប់ពីបម្រើការងារអស់រយៈពេល ១៤ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។

លោក Dan Levy បានចូលធ្វើការនៅ Meta ក្នុងអំឡុងឆ្នាំ២០០៨ ដោយតួនាទីដំបូងរបស់លោកគឺជាប្រធានគ្រប់គ្រងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម ប៉ុន្តែកាលពីឆ្នាំ២០២២ លោកត្រូវបានផ្លាស់ប្តូរមុខតំណែងថ្មីទៅកាន់ផ្នែក Business Messaging នឹងទទួលបន្ទុកជាអនុប្រធានផ្នែកសារធុរកិច្ច (Business Messaging)។

ដោយឡែកនៅក្នុងអនុស្សរណៈផ្ទៃក្នុងរបស់ Meta នៅថ្ងៃចន្ទដើមសប្តាហ៍នេះបានឱ្យដឹងថា លោក Dan Levy នឹងចាកចេញពីតួនាទីរបស់លោកក្នុងរយៈពេល ២ខែខាងមុខ ខណៈលោកបញ្ជាក់ពីហេតុផលថា លោកចង់យកចិត្តទុកដាក់ទៅលើគ្រួសាររបស់លោកម្តង បន្ទាប់ពីបាត់បង់កូនជាទីស្រលាញ់ដោយសារជំងឺមហារីកឈាម។ ចំពោះការសម្រេចចិត្តលាលែងពីតំណែងដែលលោកបានចាប់ផ្តើមអស់រយៈពេល ១៤ឆ្នាំមកនេះ មិនមែនជាការសម្រេចចិត្តភ្លាមៗនោះទេ Dan Levy បានចាប់ផ្តើមគិតវាអស់រយៈជាង ២ឆ្នាំមកហើយ។

គួរបញ្ជាក់ដែរថា ការប្រកាសលាលែងពីតំណែងរបស់អនុប្រធានផ្នែកសារធុរកិច្ចរូបនេះគឺស្ថិតនៅក្នុងការបញ្ឈប់បុគ្គលិកជុំទី២ របស់ Meta ហើយក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះក៏នៅមិនទាន់ជ្រើសតាំងអ្នកជំនួសតំណែងថ្មីនេះនោះឡើយ៕