(ភ្នំពេញ)៖ អតីតតារា​កំប្លែង ​និងជាសម្តែងអ្នកនាង ជុំ រស្មី ហៅស្រីទូច ដែលអ្នកគាំទ្របានដឹងគ្រប់គ្នាថា ជាភរិយាតារាកំប្លែងល្បីឈ្មោះ គឺនាយ ត្រដក់ កន្លងមក​បាន​សាង​ជីវិត​លើ​វិ​ថី​សិល្បៈ​ ប្រកបដោយ​ភាព​ជោគជ័យ ប៉ុន្តែទោះជា​យ៉ាងណា​ក្តី​អ្នកស្រី ទូច និងនាយ ត្រដក់ ក៏បាត់​វត្តមាន​ពី​ពិភព​សិល្បៈ​ជា​ច្រើន​ឆ្នាំមកហើយ ដែលធ្វើឲ្យមហាជន និងអ្នកគាំទ្រស្ទើរតែភ្លេចមុន និងឈ្មោះរបស់អតីតតារាកំប្លែងរូបនេះទៅហើយ។

ប្រាកដណាស់ អតីតតារាល្បីឈ្មោះអ្នកស្រី​ ទូច បាន​សាង​ស្នាដៃ​ក្នុង​ពិភព​សិល្បៈ​ច្រើន​ ចាប់តាំងពី​អំឡុង​ទស​វត្សរ៍​៩០ ​ជំនាន់​សិល្បៈ​ភាពយន្ត​ខ្មែរ​ មានការ​ពេញ​និយមរួម​ទាំង​ចម្រៀង​ខារ៉ាអូខេជាដើម។ អ្នកស្រី​ ជុំ រស្មី ហៅ​ ស្រី​ទូច​ មិន​ត្រឹមតែ​ចេះ​កំប្លែង​ប៉ុណ្ណោះ​ទេ គឺថែមទាំងចេះ​ច្រៀង​ដោយ​មាន​ទឹកដម​សំឡេង​ យ៉ាង​ពីរោះ​រណ្តំចិត្ត ជាពិសេសអ្នកស្រី​ ទូច ក៏បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ចូល​ចិត្ត​ តាម​រយៈ​ការ​ច្រៀង​បទ ​«​ខ្ញុំ​ជា​យក្ខិនី​» ជាដើម។

បន្ទាប់ពីរសាត់ឃ្លាតឆ្ងាយពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមក ក៏មានការសួរនាំង និងលើកជាចម្ងល់ពីអ្នកគាំទ្រ ដោយចង់ដឹងពីសុខទុក្ខ និងការរស់នៅប្រចាំថ្ងៃរបស់អ្នកស្រី ទូច និងស្វាមី។ តាមរយៈការបាត់ មុខយូរឆ្នាំពីសិល្ប:នេះដែរ ត្រូវបានតារាជើងចាស់អ្នកនាង ស្រីទូច បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា ការ​បាត់​មុខ​ពី​ពិភព​សិលសិល្បៈជាច្រើន​ឆ្នាំ​កន្លងទៅនេះ ដោយសារតែអ្នកស្រី មានភាពរវល់សម្រាប់ការងារនៅផ្ទះ ក្នុងការមើលថែគ្រួសារ និងជំងឺអ្នកម្តាយ គឺលោកស្រី កែវ មន្ថា នាអំឡុងពេលគាត់មិនទាន់ចែកឋានទៅ កាលពីជាង១ឆ្នាំមុន។

អ្នកនាង ស្រីទូច បាននិយាយទៀតថា មិនតែប៉ុណ្ណោះខ្លួននាងផ្ទាល់ ក៏មានបញ្ហាសុខភាពមិនសូវល្អប្រសើរនោះទេ ពោលគឺចាប់តាំងពីជួបគ្រោះថ្នាក់ក្រឡាប់កង់បី កាលពីប៉ុន្មានឆ្នាំមុន។ ចំណែកស្វាមី គឺនាយ ត្រដក់ បច្ចុប្បន្នក៏កាន់តែមានវ័យច្រើន ដែលធ្វើឲ្យសុខភាព ក៏មិនសូវជារឹងមាំដូចមុនដែរ។ ដោយឡែករឿងដែលធ្វើឲ្យអ្នកនាង ស្រីទូច និងបងប្អូនកំពុងជួបបញ្ហាធំ និងពិបាកចិត្តទៀតនោះ គឺរឿងដោះស្រាយនៅតុលាការ ពាក់ព័ន្ធការបែងចែកមរតកជាមួយប្តីក្រោយ របស់អ្នកម្ដាយ កែវ មន្ថា នៅពុំទាន់ដាច់ស្រេច។

លោកស្រីនិយាយទៀតថា បញ្ហាដែលប្រឈម និងត្រូវដោះស្រាយនៅពេលនេះ គឺជារឿងទំនាស់មរតកដែលលោកស្រី កែវ មន្ថា បានសរសេរបណ្តាំទុកឲ្យកូនៗចៅៗ ព្រមនឹងប្តីក្រោយរបស់លោកស្រី កែវ មន្ថា។ ជាមួយគ្នានេះ បណ្តាំមរតកដែលត្រូវបានបន្សល់ទុក ដោយអ្នកម្តាយ កែវ មន្ថា នោះមកដល់ពេលឥឡូវ គឺអ្នកនាង រួមនឹងបងប្អូនកូនចៅ នៅមិនទាន់ទទួលបានយុត្តិធម៌នោះទេ ខណៈការបែងចែកទ្រព្យសម្បត្តិនោះ គឺមិនបានស្មើភាពគ្នា ទៅតាមអ្វីដែលមានសរសេរទុកនៅក្នុងបណ្តាំមរតក។

តារាកំប្លែងអ្នកនាង ជុំ រស្មី ហៅស្រីទូច បានបន្ថែមថា ទាំងរូបនាង និងបងប្អូនទាំងអស់ បច្ចុប្បន្នកំពុងតែជួបបញ្ហាប្រឈមដូចខាងលើនេះ ហើយក៏ស្នើសុំឲ្យតុលាការ មេត្តាជួយរកយុត្តិធម៌ផង។ ក្នុងនោះដែរតារាកំប្លែងអ្នកនាង ស្រីទូច ក្នុងនាមអ្នកសិល្បៈក៏អរគុណចំពោះសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ដែលបានជួយផ្តល់នូវមេធាវី ដើម្បីចូលរួមការដោះស្រាយបញ្ហាខាងលើនេះផងដែរ៕