(ភ្នំពេញ)៖ ក្នុងនាមជាក្រុមហ៊ុនអភិវឌ្ឍន៍ឈានមុខគេក្នុងប្រទេសកម្ពុជា និងជាស្ថាប័នសំខាន់មួយរបស់ក្រុមហ៊ុន Prince Holding Group ដែលជាសម្ព័ន្ធក្រុមហ៊ុន ដែលមានវិសាលភាពអាជីវកម្មធំ និងរីកចម្រើនបំផុតមួយនៅកម្ពុជា ក្រុមហ៊ុន Prince Real Estate Group បានរៀបចំទទួលស្វាគមន៍ គណៈប្រតិភូផ្នែកធុរកិច្ចអូស្ត្រាលី នៅទីស្នាក់ការកណ្តាលរបស់ខ្លួន កាលពីចុងសប្ដាហ៍ ដើម្បីបង្ហាញនូវសក្តានុពលវិនិយោគរបស់កម្ពុជា។

លោក Kenneth Tang ប្រធាន AusCham Cambodia លោក Matthew Care សហស្ថាបនិក និងជានាយកប្រតិបត្តិនៃDCG និងលោក Tom O’Sullivan នៃ realestate.com.kh បានធ្វើការស្វាគមន៍គណៈប្រតិភូនាថ្ងៃនោះ ដែលរួមមានស្ថាបនិក និងមន្ត្រីប្រតិបត្តិកម្រិតC មកពី Compass Education, Flooring Xtra, Chen Foods, Explorers Early Learning និង AmtradeInternational។ល។

លោក Edward Lee នាយកប្រតិបត្តិនៃក្រុមហ៊ុន Prince Real Estate Group បានឱ្យដឹងថា «ដោយសារការកើនឡើងនៃចំណាប់អារម្មណ៍របស់ប្រតិភូផ្នែកធុរកិច្ចអូស្ត្រាលី ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជាយើង បាននិងកំពុងរៀបចំផ្តល់ការគាំទ្រ ក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យម្ហូបអាហារ និងភេសជ្ជៈ និងការលក់រាយ សម្រាប់ប្រតិភូផ្នែកធុរកិច្ចអូស្ត្រាលី ដែលកំពុងស្វែងរកការពង្រីកអាជីវកម្មនៅកម្ពុជា។ លោក Lee បន្ថែមថា «យើងនឹងព្យាយាមរៀបចំទទួលស្វាគមន៍គណៈប្រតិភូផ្នែកធុរកិច្ចកាន់តែច្រើន ពីតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីធ្វើជាសាក្សី និងចូលរួមនៅក្នុងគន្លងអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា»

លោក Tom O’Sullivan បានថ្លែងថា «ក្នុងនាមជាពាណិជ្ជករអូស្ត្រាលី ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ខ្ញុំចាត់ទុកបេសកកម្មពាណិជ្ជកម្មជាវេទិកាដ៏សំខាន់ សម្រាប់ភាពជោគជ័យនៃអាជីវកម្មពីតំបន់ ដើម្បីបង្កើតភាពជាដៃគូដ៏មានតម្លៃ និងឱកាសវិនិយោគថ្មីៗ»។លោកបានបន្ថែមថា តាមរយៈការចាប់ដៃគូជាមួយអាជីវកម្ម ដែលគួរឱ្យទុកចិត្តនៅកម្ពុជា និងការប្រមូលផ្តុំអ្នកជំនាញដែលមានទស្សនៈដូចគ្នា យើងអាចជំរុញកំណើន និងជំរុញការច្នៃប្រឌិតនៅក្នុងសេដ្ឋកិច្ចពិភពលោកបាន»។

ដោយសារសេដ្ឋកិច្ចកម្ពុជារីកចម្រើនយ៉ាងឆាប់រហ័ស អាជីវកម្មកាន់តែច្រើនឡើងៗពីទូទាំងតំបន់ កំពុងបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកជំហានរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យអចលនទ្រព្យម្ហូបអាហារ និងភេសជ្ជៈ និងវិស័យបដិសណ្ឋារកិច្ច។ Prince Real Estate Group នៅតែបន្តប្តេជ្ញាចូលរួមយ៉ាងសកម្មក្នុងកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ប្រកបដោយនិរន្តរភាពស្របតាមទស្សនៈវិស័យ «កសាងជីវិតឱ្យកាន់តែប្រសើរ»