(អេមស្ទឺដេម)៖ ហូឡង់ បានបាត់បង់កីឡាករចំនួន ៥រូប ដោយសារតែការឆ្លងវីរ៉ុស នៅក្នុងក្រុមជម្រើសជាតិ មុនការប្រកួតជម្រុះព្រឹត្តិការណ៍ Euro 2024 ប៉ះក្រុមបារាំង នៅទីក្រុងប៉ារីស នាថ្ងៃសុក្រ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។

ខ្សែការពារ Matthijs de Ligt និងកីឡាករ Sven Botman, ខ្សែប្រយុទ្ធ Cody Gakpo, ខ្សែបម្រើ Joey Veerman និងអ្នកចាំទី Bart Verbruggen ពួកគេទាំងអស់ត្រូវបានឲ្យត្រឡប់ទៅផ្ទះវិញ ដោយគ្រូបង្វឹក Ronald Koeman។ នេះបើតាមសមាគមបាល់ទាត់ហូឡង់ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍។

លោក Koeman បានកោះហៅខ្សែការពារកណ្តាល Inter Milan កីឡាករ Stefan de Vrij, ខ្សែបម្រើ Bayern Munich កីឡាករ Ryan Gravenberch និងអ្នកចាំទីក្លិប Vitesse Arnhem កីឡាករ Kjell Scherpen ដើម្បីជំនួស។

ហូឡង់ នឹងត្រូវប៉ះបារាំង មុនពេលធ្វើជាម្ចាស់ផ្ទះ ទទួលក្រុមហ្គីលប្រាតា នៅក្នុងការប្រកួតជម្រុះក្នុងពូល B ជាលើកទី២ របស់ពួកគេនៅថ្ងៃចន្ទ៕