(ខាឌីហ្វ)៖ ក្លិប Wrexham ដែលមានម្ចាស់ជាតារាហូលីវូដនោះ បានចុះកិច្ចសន្យានាំយកអតីតអ្នកចាំទីក្លិប Manchester United និងក្រុមជម្រើសជាតិអង់គ្លេស Ben Foster លើកិច្ចសន្យារហូតដល់ចប់រដូវកាលនេះ។ នេះបើតាមការប្រកាសពីក្លិបដែលលេងនៅលីគលំដាប់ទី៥ National League របស់អង់គ្លេស ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។

ក្លិប Tottenham Hotspur លេងនៅលីគ Premier League ត្រូវបានគេរាយការណ៍ថា បានព្យាយាមមិនបានសម្រេច ក្នុងការទាក់ទាញយកកីឡាករ Foster វ័យ ៣៩ឆ្នាំរូបនេះ បន្ទាប់ពីអ្នកចាំទីដៃដំបូង Hugo Lloris រងរបួស។

ក្លិបដែលមានមូលដ្ឋាននៅតំបន់ North Wales មួយនេះ ហាក់មានភាពល្អប្រសើរឡើង ចាប់តាំងពីត្រូវបានទិញ ដោយតារាភាពយន្តហូលីវូដ Ryan Reynolds and Rob McElhenney។

Foster ធ្លាប់លេងខ្ចីជើងឲ្យក្លិប Wrexham ដោយផ្លាស់មកពីក្លិប Stoke City កាលពីឆ្នាំ២០០៥ ពោលគឺ ១៨ឆ្នាំមុន ហើយបន្ទាប់មកក៏បានចុះកិច្ចសន្យាលេងឲ្យក្លិប Manchester United។

​សូមជម្រាបថា ក្លិប Wrexham កំពុងស្ថិតនៅកំពូលតារាងលីគ National League ដោយមាន ៩៤ពិន្ទុ ដោយមាន ៣ពិន្ទុច្រើនជាងក្រុម Notts County និងមាន ១ប្រកួតទៀតនៅក្នុងដៃ។ មានតែក្រុមមួយប៉ុណ្ណោះ ដែលទទួលបានការឡើងដោយស្វ័យប្រវត្តិទៅលេងនៅលីគលំដាប់ទី៤ League Two៕