(បរទេស)៖ ប្រទេសអ្នកមានបំផុតរបស់លោកខាងលិច អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម គ្រោងវិនិយោគលើមូនិធិដែលមានតម្លៃរាប់ពាន់លានដុល្លារនៅក្នុងក្រុមហ៊ុនផលិតគ្រាប់រ៉ុក្កែត SpaceX របស់លោក Elon Musk។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។

កញ្ចប់មូលនិធិរបស់ SpaceX លើកនេះត្រូវបានគេរំពឹងថា នឹងអាចរកបានតម្លៃសរុបប្រហែល ១៤០ពាន់លានដុល្លារឯណោះ ដែលជាមូលនិធិដ៏ធំបំផុតមួយបើធៀបទៅនឹងឆ្នាំមុនៗ ខណៈមូនិធិឆ្នាំ២០២២ SpaceX រៃអង្គាសប្រាក់បានប្រហែល ២ពាន់លានដុល្លារ នឹងឆ្នាំ២០២០ បានប្រហែល ២.៦ពាន់លានដុល្លារប៉ុណ្ណោះ នេះបើយោងតាមក្រុមហ៊ុនបណ្តាក់ទុន Space Capital។

ប្រភពខាងលើបានឱ្យដឹងថា ការផ្តល់មូលនិធិនេះនឹងត្រូវបានចូលរួមដោយក្រុមហ៊ុនទឹក នឹងអគ្គិសនីរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាផ្នែកនៃទ្រព្យសម្បត្តិអធិបតេយ្យ រួមជាមួយនឹងក្រុមហ៊ុន Alpha Dhabi Holding របស់អារ៉ាប់រួមក្នុងការវិនិយោគលើកនេះ។ តែយ៉ាងណាកញ្ចប់មូលនិធិខាងលើនេះ គឺជាចំនួនសរុបរួមប៉ុណ្ណោះ នៅមិនទាន់មានរបាយការណ៍បញ្ជាក់ថា ប្រទេសអ្នកមានទាំង២ នេះនឹងវិនិយោគប៉ុន្មាននោះទេ។

គួរជម្រាបដែរថា នេះមិនមែនជាការវិនិយោគលើកទី១ របស់ប្រទេស អេមីរ៉ាតអារ៉ាប់រួម នោះទេ ដោយកាលពីខែមិថុនា ឆ្នាំ២០២២ កន្លងទៅ មូលនិធិទ្រព្យសម្បត្តិអធិបតេយ្យរបស់ អេមីរ៉ាតអារ៉ាប់រួមចំនួនពីរគឺ Alpha Dhabi និង International Holding Co ធ្លាប់បានបណ្តាក់ទុនរួមគ្នាចំនួន ៥០លានដុល្លារនៅក្នុងក្រុមហ៊ុន SpaceX រួចទៅហើយ៕