(ភ្នំពេញ)៖ ក្រុមហ៊ុន OCIC និងក្រុមហ៊ុន CBRE Cambodia ចុះអនុស្សរណៈលើភាពជាដៃគូយុទ្ធសាស្ត្រ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ដើម្បីបង្កើតឱកាសវិនិយោគថ្មីៗ ក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា។

កិច្ចព្រមព្រៀងនេះមានការចូលរួម ពីលោកស្រី Lim Lychin នាយកក្រុមហ៊ុន OCIC និងលោក Thierry Tea អនុប្រធាន OCIC លោក Lawrence Lennonនាយកគ្រប់គ្រង CBRE Cambodia និងលោកស្រី Kinkesa Kim នាយករងគ្រប់គ្រង CBRE Cambodia ព្រមទាំងភ្ញៀវផ្សេងទៀតមកពីសហគមន៍អាជីវកម្ម និងអចលនទ្រព្យ។

ការចាប់ផ្តើមនៃកិច្ចសហការ រវាងក្រុមហ៊ុន CBRE និង OCIC មានគោលបំណងផ្តល់អត្ថប្រយោជន៍ ដល់អ្នកវិនិយោគអតិថិជន និងអ្នករស់នៅក្នុងប្រទេសកម្ពុជាទាំងមូល។ ពិធីចុះហត្ថលេខានេះផ្តោតសំខាន់ លើការអភិវឌ្ឍន៍ទីក្រុងកោះពេជ្រ ដែលស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ ជាមួយគ្នានេះក្រុមហ៊ុន OCIC បានអភិវឌ្ឍសហគមន៍សម្រាប់ការកម្សាន្ត ប្រកបដោយនិរន្តរភាពដូចជា សួនបៃតង ខូខូណាត់ផាក លំនៅដ្ឋាន និងអគារពាណិជ្ចកម្ម រួមទាំងការិយាល័យ ផ្លូវដើរតាមដងទន្លេ កន្លែងសម្រាប់ការប្រគុំតន្ត្រី និងមានការបើកផ្សារតាមមាត់ទន្លេនៅថ្ងៃចុងសប្តាហ៍ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិមកលំហែកម្សាន្តផងដែរ។

កោះពេជ្រកំពុងតែវិវឌ្ឍងឆាប់រហ័ស បានប្រែក្លាយទៅជាតំបន់ដ៏មានសក្តានុពលខ្លាំងក្លាបំផុត ក្នុងតំបន់ ថែមទាំងទទួលបានការចាប់អារម្មណ៍ ពីអ្មកវិនិយោគជាតិ និងអន្តរជាតិ ស្របជាមួយការថែរក្សានូវអត្តសញ្ញាណរបស់កម្ពុជា ក្រោមទស្សនវិស្ស័យដ៏មុតមាំរបស់អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ។

ក្រុមហ៊ុន OCIC បានប្រមូលផ្តុំអ្នកជំនាញផ្នែកស្ថាបត្យករវ័យក្មេងជាច្រើនមានទេពកោសល្យ ពីប្រទេសកម្ពុជា ភ្ជាប់ជាមួយនឹងអ្នកណែនាំជនជាតិបារាំង និងអាមេរិក ដើម្បីបង្កើនបទពិសោធន៍នៃការរស់នៅ និងជំរុញការវិវត្តនៃកោះពេជ្រឱ្យក្លាយជាទីក្រុង បៃតងប្រកបដោយនិរន្តរភាព។

ភាពជាដៃគូយុទ្ធសាស្ត្រជាមួយ CBRE នឹងជួយបើកឱកាសថ្មីសម្រាប់ក្រុមហ៊ុនទាំងពីរ និងជំរុញលទ្ធផលវិជ្ជមាន សម្រាប់អតិថិជន ដៃគូរ និងសហគមន៍ឲ្យកាន់តែធំទូលំទូលាយក្នុងប្រទេសកម្ពុជា៕