(រ៉ូម)៖ ខ្សែប្រយុទ្ធ Harry Kane បានក្លាយជាអ្នករកគ្រាប់ស៊ុតច្រើនជាងគេឲ្យអង់គ្លេស នាំមុខម្ចាស់កំណត់ត្រាចាស់ Wayne Rooney នៅពេលក្រុមតោកំណាចមួយនេះយកឈ្នះអាសូរីអ៉ីតាលីនៅថ្ងៃបើកឆាកជម្រុះ Euro 2024 នាយប់មិញនេះ។

កីឡាករដែលត្រូវបានជ្រើសរើសចេញពីក្លិបក្នុងស្រុក Tottenham Hotspur ខាងលើនេះ រកបានគ្រាប់ទី៥៤ របស់គេ ដើម្បីនាំមុខ Wayne Rooney ដែលមាន ៥៣គ្រាប់ តាមរយៈគ្រាប់បាល់ពិន័យ ១១ម៉ែត្រនៅនាទី៤៤ និងជាជ័យជម្នះលើកដំបូងសម្រាប់អង់គ្លេសផងដែរលើអ៉ីតាលី គិតចាប់តាំងពីឆ្នាំ១៩៦១ មក។

សៀវភៅប្រវត្តិសាស្រ្តបានចារឈ្មោះ Harry Kane នៅត្រឹមនាទី៤៤ នៅពេលកីឡាករចាំទី Gianluigi Donnarumma មិនអាចជួយសង្រ្គោះគ្រាប់ទី២ បាន ក្រោយពេល Declan Rice ជាអ្នករកគ្រាប់នាំមុខតាំងពីនាទី១៣ មកម្ល៉េះ។

Kane បានប្រើពេលអស់ ៥ឆ្នាំ ក្នុងការបំបែកកំណត់តា្ររបស់ Rooney ដែលស៊ុតបាន ៥៣គ្រាប់ឲ្យអង់គ្លេសតាំងពីឆ្នាំ២០១៨ មក មុនពេលចូលនិវត្តន៍ ក្រោយលេងបាន ១២០ប្រកួតច្រើនជាង Kane ដែលទើបលេងបាន ៨១ប្រកួតប៉ុណ្ណោះជាមួយក្រុមតោ។

ក្រុមដែលដឹកនាំដោយលោក Gareth Southgate នៅសល់សមាជិកតែ ១០នាក់ប៉ុណ្ណោះ នៅពេលខ្វះ ១០នាទីដល់ម៉ោងបញ្ចប់ការប្រកួត ដោយសារតែខ្សែការពារ Luke Shaw ទទួលបានកាតលឿងជាលើកទី២ ក្រោយពេល Mateo Retegui ជាអ្នករកបានតែ ១គ្រាប់ឲ្យម្ចាស់ផ្ទះអ៉ីតាលីនៅនាទី៥៦ ពីមួយប្រកួតបើកឆាកពូល C នៃវគ្គជម្រុះ European Championship ដែលមានអាល្លឺម៉ង់ធ្វើម្ចាស់ផ្ទះនាឆ្នាំក្រោយ៕