(ម៉ូស្គូ)៖ ក្រុមកីឡាករ-កីឡាការិនីនៃប្រទេសរុស្ស៊ី នៅពេលនេះបានរួចផុតពីបម្រាមទាក់ទងនឹងសារធាតុញៀនជាផ្លូវការហើយ ដោយត្រូវបានដកចេញដោយក្រុមប្រឹក្សាវិន័យអន្តរជាតិ ក៏ប៉ុន្តែនៅជាប់បម្រាមមួយទៀតគឺសង្រ្គាមឈ្លានពានបច្ចុប្បន្ននៅប្រទេសអ៊ុយក្រែន។

តាមរយៈគេហទំព័រកីឡា BBC បានចេញផ្សាយនៅថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣ នេះថា អត្តពលិករុស្ស៊ីមិនអាចចូលរួមប្រកួតជាលក្ខណៈអន្តរជាតិណាមួយឡើយដោយប្រើប្រាស់ទង់ជាតិរុស្ស៊ី គិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៥ មក ក្រោយរកឃើញមានសារធាតុញៀន ដែលមានការជួយជ្រោមជ្រែងពីរដ្ឋអំណាច។ ពួកគេចូលរួមបានដោយស្ថិតក្រោមទង់ជាតិអព្យាក្រឹត្យតែប៉ុណ្ណោះ ដូចកាល Tokyo Olympic Games 2020 នៅប្រទេសជប៉ុនជាដើម។

ក្រោយមកសហព័ន្ធរុស្ស៊ី ត្រូវបញ្ចូលទៅក្នុងការប្រកួតនានាឡើងវិញ បន្ទាប់ពីបំពេញលក្ខខណ្ឌគ្រប់គ្រាន់ នៅក្នុងកិច្ចប្រជុំរយៈពេល ៣ថ្ងៃរបស់ក្រុមប្រឹក្សាវិន័យ តែនៅបន្តមិនអាចចូលរួមបានដដែល ដោយសារតែរុស្ស៊ីបានបើកការឈ្លានលើប្រទេសអ៊ុយក្រែននាខែកុម្ភៈ ឆ្នាំ២០២២ មក។

លោក Sebastian Coe ប្រធានគ្រប់គ្រងអត្តពលិកអន្តរជាតិបានថ្លែងថា «បម្រាមនានាពីសំណាក់ស្ថាប័ន និងប្រទេសជាសមាជិកនៅតែបន្តធ្វើឡើងលើរុស្ស៊ី និងប៊ែលឡារុសត្រូវបានដកចេញ ដរាបណាមានសុខសន្តិភាពឡើងវិញ។ មនុស្សជាច្រើនត្រូវបានស្លាប់ បូករួមទាំងហេដ្ឋរចនាសម្ព័ន្ធជាច្រើនត្រូវបានបំផ្លិចបំផ្លាញនៅអ៊ុយក្រែន និងអត្តពលិកប្រមាណ ១៨៥នាក់ត្រូវបានសម្លាប់ផងដែរ។ នេះជាបញ្ហាដែលធ្វើឲ្យខ្ញុំលំបាកដោះស្រាយជាខ្លាំង»។

យ៉ាងនេះក្តី សហព័ន្ធកីឡារុស្ស៊ីក៏បានសាទរ ចំពោះការដកបម្រាមលើប្រទេសរបស់ខ្លួនដែររឿងសារធាតុ Doping ក្រោយពេលតាមដាន និងកំណែទម្រង់រយៈពេល ៣ឆ្នាំមកនេះ និងបានសន្យាចូលរួមជាមួយ Wada (World Anti-Doping Agency) ក្នុងការរក្សាភាពស្អាតស្អំក្នុងកីឡាទៀតដែរ៕