(អាមេរិក)៖ លោក Adam Sandler ដែលគេស្គាល់ជាតារាកំប្លែង តារាចម្រៀង និងជាតារាសម្តែងល្បីឈ្មោះម្នាក់របស់អាមេរិកនោះ នាពេលថ្មីៗនេះ បានគ្រងតំណែងជាកំពូលតារាកំប្លែងប្រចាំឆ្នាំ របស់អាមេរិក តាមរយៈការទទួលបានពានរង្វាន់ដែលមានឈ្មោះថា «Mark Twain» សម្រាប់សមត្ថភាពនៃការលេងកំប្លែងរបស់លោក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន AP។

តារាកំប្លែង និងអ្នកសិល្បៈជាច្រើនបានប្រមូលផ្ដុំនៅមជ្ឈមណ្ឌល Kennedy នៃទីក្រុងវ៉ាស៊ីនតោន ក្នុងកម្មវិធីប្រកាសពានរង្វាន់នេះ ខណៈដែល Sandler ត្រូវបានបង្ហាញជាមួយនឹងរង្វាន់ «Mark Twain» សម្រាប់រឿងកំប្លែងអាមេរិក។ ពានរង្វាន់ Mark Twain ជាពានរង្វាន់ដែលផ្ដល់ជូនបុគ្គលកំប្លែងលេចធ្លោ និងសាងបានស្នាដៃធំៗជាច្រើន ហើយពានរង្វាន់នេះបានដាក់ឈ្មោះតាមអ្នកកំប្លែងល្បីកាលសតវត្សរ៍ទី១៩ ដែលមានឈ្មោះថា Mark Twain។

ចំពោះវត្តមានអ្នកសិល្បៈដែលបានចូលរួមគេឃើញមានដូចជា តារាសម្ដែង Jennifer Aniston, តារាកំប្លែង Chris Rock និងតារាកំប្លែង Conan O’Brien (ខូណាន់ អូ ប្រាយអេន) ជាដើម។

គួរជម្រាបថា តារាកំប្លែងវ័យ ៥៦ឆ្នាំ Adam Sandler បានសម្ដែងក្នុងខ្សែភាពយន្តល្បីៗជាច្រើនរួមមាន «Spanglish», «The Wedding Singer» (ដឺ វេតឌីង សីងហ្គើ) និង «The Waterboy» ដោយសរុបភាពយន្តដែលលោកបានសម្ដែងគឺអាចស្វែងរកប្រាក់ចំណូលបានរាប់ពាន់លានដុល្លារ៕