(បរទេស)៖ អ្នកប្រើប្រាស់អាមេរិកដែលមានអាយុក្រោម ១៨ឆ្នាំនឹងមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Instagram, TikTok និង Facebook ប្រសិនបើគ្មានការយល់ព្រមពីឪពុកម្តាយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។

នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ អភិបាលរដ្ឋ Utah លោក Spencer Cox បានចុះហត្ថលេខាយល់ព្រមលើច្បាប់ចំនួនពីរដែលមានបំណងដាក់កម្រិតលើការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដោយអនីតិជន និងក្លាយជារដ្ឋដំបូងបង្អស់របស់សហរដ្ឋអាមេរិកដែលទាមទារការអនុញ្ញាតពីអាណាព្យាបាលសម្រាប់អ្នកប្រើប្រាស់ដែលមានអាយុក្រោម ១៨ឆ្នាំ។

ឥទ្ធិពលនៃប្រព័ន្ធផ្សព្វផ្សាយសង្គមលើកុមារគឺជាប្រធានបទនៃការជជែកដេញដោលថ្នាក់ជាតិដែលកំពុងក្តៅគគុកនៅក្នុងសហរដ្ឋអាមេរិក ដែលអ្នកផ្តល់សេវា ឬអ្នកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយត្រូវតែមានទំនួលខុសត្រូវខ្ពស់ទៅលើខ្លឹមសាររបស់ពួកគេដែលស្ថិតនៅក្រោម Section 230 នៃច្បាប់ស្តីពីការទំនាក់ទំនងសមរម្យ។

គួរបញ្ជាក់ដែរថា សេចក្តីព្រាងច្បាប់ដែលអភិបាលរដ្ឋ Utah ទើបតែចុះហត្ថលេខានេះ គេតម្រូវឱ្យអ្នកប្រើប្រាស់ទាំងអស់បញ្ចូនការផ្ទៀងផ្ទាត់អាយុមុនពេលបើកគណនីប្រព័ន្ធផ្សព្វផ្សាយសង្គម។ ដោយឡែកចំពោះអនីតិជនដែលមានអាយុក្រោម ១៨ឆ្នាំដែលស្វែករកការលើកលែងត្រូវតែមានការអនុញ្ញាតពីឪពុកម្តាយជាមុនសិន និងអនុវត្តតាមគោលការណ៍ច្បាប់ដែលបានដាក់ចេញ៕