(សឹង្ហបុរី)៖ ក្រុមជម្រើសជាតិអាយុក្រោម ២២ឆ្នាំកម្ពុជា បានលេងចាញ់ក្រុម U22 ម៉ាឡេស៊ី ៤-២ ក្នុងពានរង្វាន់មិត្តភាពអន្តរជាតិ Merlion Cup 2023 នៃប្រកួតទី១ ខណៈតាមរយៈលទ្ធផលនេះធ្វើឲ្យក្រុម U22 កម្ពុជា នៅសល់តែឱកាសដណ្តើមចំណាត់ថ្នាក់លេខ៣ ដែលនៅរង់ចាំតែជួបក្រុមម្ចាស់ផ្ទះ U22 សឹង្ហបុរី ឬហុងកុង។

តាមរយៈលទ្ធផលនេះក្រុម U22 ម៉ាឡេស៊ី ឡើងទៅឈរចាំនៅវគ្គផ្តាច់ព្រ័ត្រ ដណ្តើមពានមិត្តភាព Merlion Cup 2023 ដែលនៅរង់ចាំតែក្រុមឈ្នះរវាងក្រុមម្ចាស់ផ្ទះសឹង្ហបុរី ឬក្រុម U22 ហុងកុង ក្រោយចប់ការប្រកួតនាយប់នេះ។ ដែលវគ្គផ្តាច់ព្រ័ត្រធ្វើឡើងនាថ្ងៃទី២៦ ខែមីនាខាងមុខនេះ។

រំលឹកផងថា នេះជាការប្រកួតមិត្តភាពអន្តរជាតិពានរង្វាន់ Merlion Cup 2023 នៅប្រទេសសឹង្ហបុរី គឺមានការចូលរួម ៤ប្រទេស ដោយមានក្រុមម្ចាស់ផ្ទះសិង្ហបុរី, ក្រុម U22 កម្ពុជា, ម៉ាឡេស៊ី និងក្រុមហុងកុង។

រំលឹកផងថា ការប្រកួតមិត្តភាពនេះ ក៏ស្ថិតក្នុងការបោះជំរុំហ្វឹកហាត់វាស់ស្ទង់សមត្ថភាពកីឡាករជម្រើសជាតិ U22 កម្ពុជា គឺស្ថិតក្រោមការដឹកនាំដោយអ្នកចាត់ាការលោក Keisukie Honda និងលោក Ryu Hirose ក្នុងការត្រៀមប្រជែងព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣។

ខណៈបន្ទាប់ពីបញ្ចប់ការបោះជំរុំហ្វឹកហាត់ ក៏ដូចជាប្រកួតមិត្តភាព Merlion Cup 2023 នៅសិង្ហបុរីនេះ, ដោយមិនការប្រែប្រួលទៅតាមគោលការណ៍របស់សហព័ន្ធបាល់ទាត់កម្ពុជា ក្រុមជម្រើសជាតិអាយុក្រោម U22 កម្ពុជា ក៏គ្រោងនឹងត្រឡប់ទៅហ្វឹកហាត់នៅថៃម្ដងទៀត ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ដែលគ្រោងនឹងធ្វើការប្រកួតនាថ្ងៃទី២៩ ខែមេសា ពោលគឺមុនពិធីបើកកាបរ្រកួតផ្លូវការ ដែលនឹងប្រារព្ធធ្វើឡើងនាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ៕