(ភ្នំពេញ)៖ លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានសង្កត់ធ្ងន់ថា សម្រាប់ការរៀបចំការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៦ (The 6th Southeast Asian Vovinam Championships) គឺស្ថិតក្នុងគោលដៅពង្រឹងសមត្ថភាពរបស់កីឡាករ-កីឡាការិ ជាការវាស់ស្ទង់កម្រិតអត្តពលិកត្រៀមគោលដៅស៊ីហ្គេម ២០២៣ នេះបើតាមការលើកឡើងក្នុងសន្និសីទសាព័ត៌មានមុនការប្រកួតនាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។

សម្រាប់ការរៀបចំការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៦ (The 6th Southeast Asian Vovinam Championships) មានចំនួន ៧ប្រទេសចូលរួម ដោយមានអត្តពិលសរុបប្រមាណ ១៣៧រូប មានប្រទេសឡាវ, ថៃ, ហ្វីលីពីន, មីយ៉ាន់ម៉ា, ឥណ្ឌូនេស៊ី និងវៀតណាម ដែលនឹងប្រកួតលើ ៣០វិញ្ញាសា ដែលមានវិញ្ញាសាប្រយុទ្ធបុរស៤ នារី៤ ហើយនឹងសម្តែងមេគុន ២២វិញ្ញាសា ដោយព្រឹត្តិការណ៍នេះចាប់ផ្តើមពីថ្ងៃទី២៥-៣០ ខែមីនា ឆ្នាំ២០២៣។

លោក អ៊ូ រតនា បន្តថា សម្រាប់ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ លើកទី៦ (The 6th Southeast Asian Vovinam Championships) ដែលរៀបចំនៅរាជធានីភ្នំពេញ គឺមានការប្រជែងលើ ៣០វិញ្ញាសាដោយមាន ៧ប្រទេសចូលរូមប្រកួត នឹងមានការជួបបញ្ហានោះទេ បន្ទាប់ពីមានការគាំទ្រទាំងស្រុង ទាំងថវិការ ទាំងក្រុមការងារ គណៈកម្មាការជំនាញនីមួយៗ ពីគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេម CAMSOC និងក្រសួងអប់រំ យុវជន និងកីឡា ខណៈសម្រាប់វិញ្ញាសាប្រកួត ក៏ដូចមាននៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ ខាងមុខនេះផងដែរ។

ថ្នាក់ដឹកនាំ នឹងគ្រូបង្វឹកសហព័ន្ធ ក៏មានក្តីសង្ឃឹមថា អត្តពលិកនិងធ្វើបានល្អក្នុងការដណ្តើមនៅមេដាយមាស ប្រាក់ និងសំរឹទ្ធ តែចំពោះចំនួននឹងពិនិត្យតាមជាក់ស្តែង ដែលជាឱកាសរបស់គណៈកម្មការ មន្ត្រី អាចទទួលបានបទពិសោធថ្មីៗ សម្រាប់ព្រឹត្តិការណ៍ក្រោយៗ ទៀត, ខណៈគោលដៅការប្រជែងស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ក្នុងនាមសហព័ន្ធបានដាក់គោលការណ៍រយៈពេល ២ឆ្នាំកន្លងមកហើយ ដែលត្រៀមដណ្តើមមេដាយមាស ៩គ្រឿងសម្រាប់វិញ្ញាសាវ៉ូវីណាមមួយនេះ ពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ៕