(កែប)៖ គម្រោងឆ្នេរសមុទ្រគំរូ របស់សណ្ឋាគារ «ថ្ងៃបាំងឆ័ត្រ» ត្រូវបានដាក់សម្ពោធឲ្យដំណើរការជាផ្លូវការ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ដែលពិធីសម្ពោធនេះ បានប្រព្រឹត្តធ្វើឡើង នៅរមណីយដ្ឋានឆ្នេរសមុទ្រ របស់ក្រុមហ៊ុនថ្ងៃបាំងឆត្រ ស្ថិតនៅសង្កាត់កែប ក្រុងកែប ខេត្តកែប ក្រោមអធិបតីភាព លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ដោយចូលរួមពីសំណាក់ លោក សំ សារីម ប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលខេត្តកែប សោម ពិសិដ្ឋ ប្រតិភូអមដំណើរ ព្រមទាំងជួរថ្នាក់ដឹកនាំ មន្ត្រីរាជការ ខេត្តកែប កំពត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ ក្រុមហ៊ុន និងអ្នកពាក់ព័ន្ធជាច្រើនរូប។

លោក កូន ចូសេហ្វ ជី អេស (MOONS JOZEF) នាយកប្រតិបត្តិក្រុមហ៊ុន ថ្ងៃបាំងឆ័ត្រ ខេមបូឌា ឯ.ក បានមានប្រសាសន៍ថា KEP WEST (កែបវេស) ជាទីតាំងឆ្នេរកម្សាន្តថ្មីបំផុតរបស់កម្ពុជា បើកដំណើរការ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។ ថ្ងៃបាំងឆ័ត្រ ជារមណីយដ្ឋានបែបប្រណិត ដែលមានទីតាំងស្ថិតនៅឆ្នេរសមុទ្រ ភាគខាងត្បូងនៃប្រទេសកម្ពុជា បានប្រែក្លាយទៅជា កែបវេស ដែលជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រថ្មីមួយ។

ទីតាំងកំសាន្តដែលបានផ្លាស់ប្ដូរមុខមាត់ថ្មីនេះ បានបើកដំណើរការ នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៣ ហើយសន្យានឹងផ្ដល់ជូននូវកន្លែងស្នាក់នៅដ៏ប្រណិត មានផ្ដល់ជូនអាហារចម្រុះ សកម្មភាពសប្បាយៗ និងកីឡា សិល្បៈនៅលើឆ្នេរខ្សាច់ (ដែលគេស្គាល់ថាឆ្នេរផ្កាថ្ម) និងសកម្មភាពជាច្រើនថែមទៀត។

កែបវេស ដែលទើបប្រែមុខមាត់ថ្មីនេះ នឹងបន្ថែមចំណុចថ្មីៗជាច្រើន ចូលក្នុងម៉ាកយីហោ ឌឹវ៉េវ។ ឌឹវ៉េវ មានភោជនីយដ្ឋានដែលមានផ្ដល់ជូន ម្ហូបអាហារ និងភេសជ្ជៈ កាហ្វេ ហ្គ្រែន ដឹឌែក និង ក្រេបអេនខូ ហើយហាងនិមួយៗ មានរសជាតិ និងលក្ខណ:ពិសេសខុសប្លែករៀងៗខ្លួន។ ឌឹវ៉េវ ចាប់បើកពីម៉ោង ៧ តទៅ នៅកាហ្វេហ្គ្រេន គ្រប់កន្លែងទាំងអស់ និងបិទនៅម៉ោង ២២.០០យប់ នៅថ្ងៃធម្មតា ហើយនឹងបើកដល់យប់អាធ្រាត នៅថ្ងៃចុងសប្តាហ៍។

នៅកែបវេស លោកអ្នកក៏នឹងមានឱកាស ចូលទស្សនាជាមួយនឹងរមណីយដ្ឋានល្បីមួយ ដែលមានឈ្មោះថា «ថ្ងៃបាំងឆត្រ» ដែលមានផ្ទះវិឡាចំនួន ០៤ ដែលត្រូវបានកែលម្អឡើងវិញ ហើយជាទីតាំងប្រវត្តិសាស្ត្រ ដែលត្រូវបានកែមុខមាត់ទៅជាកន្លែងស្នាក់នៅ និងបន្ទប់សម្រាប់ភ្ញៀវស្នាក់នៅដ៏ប្រណិត។ រមណីយដ្ឋាននេះ ផ្ដល់ជូននូវគ្រឿងបរិក្ខារក្នុងបន្ទប់លំដាប់ខ្ពស់ និងបដិសណ្ឋារកិច្ចដែលគ្មានគូប្រៀបផ្ទឹមបានឡើយ។

ទីតាំងនេះ ក៏ជាទីតាំងដែលផ្ដល់ជូននូវមុខម្ហូបចម្រុះ ដែលមានតាមគ្រប់តម្រូវការ រសជាតិរបស់ភ្ញៀវកិត្តិយសទាំងអស់ផងដែរ។ ភោជនីយដ្ឋាន ឌឹហ្គ្រេនដែលជាភោជនីយដ្ឋានពិសេសរបស់ថ្ងៃបាំងឆ័ត្រ ផ្ដល់ជូននៅអាហារឈ្ងុយឆ្ងាញ់ដែលប៉ូវដល់សុខភាព និងឆ្ងាញ់ពិសាដែលបានរៀបចំឡើង ដោយប្រើគ្រឿងផ្សំស្រស់ៗនៅក្នុងខេត្តមួយនេះ។ ភោជនីយដ្ឋាន និងបារ សែលលីងក្លឹប ផ្ដល់ជូននូវម្ហូបអន្តរជាតិ និងអាហារក្នុងស្រុក និងជាកន្លែងសុវត្ថិភាពសម្រាប់គ្រួសារ ដែលមានបរិវេណលេងដ៏ទូលំទូលាយសម្រាប់កុមារ។

កែបវេស មិនត្រឹមតែជាគោលដៅទេសចរណ៍ ពិសាអាហារតាមឆ្នេរខ្សាច់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទីតាំងដែលមានសកម្មភាព និងកីឡាសប្បាយៗផងដែរ។ មជ្ឈមណ្ឌលជិះទូក និងការរុករក ផ្ដល់ជូនភ្ញៀវនូវឱកាស ដើម្បីស្វែងរកតំបន់នៅលើគោក និងក្នុងសមុទ្រ ហើយថែមទាំងមានសកម្មភាព ជិះទូកកំសាន្តពេលថ្ងៃលិចផងដែរ។
ទីតាំងនេះក៏មានឆ្នេរប្រវែង ២០០ ម៉ែត្រ សម្រាប់អ្នកជិះទូក អ្នកហែលទឹក និងអ្នកដែលចង់សម្រាកលំហែកាយ ជាមួយនឹងភេសជ្ជៈផ្លែឈើ និងការ៉េមផងដែរ។
កែបវេស ក៏ប្ដេជ្ញាចិត្តលើកស្ទួយសិល្បៈ និងស្ថាបត្យកម្ម ហើយគ្រោងនឹងសាងសង់រូបចម្លាក់ផ្កាថ្មនៅលើឆ្នេរ និងដើរតួជានិមិត្តរូបការពារសមុទ្រ ទាក់ទាញភ្ញៀវទេសចរណ៍ និងផ្សព្វផ្សាយ ខេត្តកែបជាគោលដៅទេសចរណ៍វប្បធម៌ និងងស្ថាបត្យកម្មឆ្នេរសមុទ្រមួយ។

កែបវេស ត្រូវបានបង្កើតឡើងឱ្យក្លាយជាក្រុមហ៊ុនបដិសណ្ឋារកិច្ច ល្បីល្បាញ ប្រកបដោយភាពច្នៃប្រឌិត និងសហសម័យ ដោយប្តេជ្ញាចិត្តក្នុងការផ្ដល់ជូនអតិថិជន នូវបទពិសោធន៍ ដ៏ល្អសម្បូរបែប និងរបៀបរស់នៅថ្មីមួយ។ យើងមានគោលបំណងស្ដារឡើងវិញនូវវប្បធម៌ និងសេដ្ឋកិច្ចរបស់ខេត្តកែប ឱ្យរស់ឡើងវិញ ដោយបម្លែងទីតាំងនេះ ឲ្យក្លាយជាគោលដៅទេសចរណ៍លំដាប់ខ្ពស់មួយ។

លោក កូន ចូសេហ្វ បានអំពាវនាវថា យើងខ្ញុំសូមគោរពអញ្ជើញភ្ញៀវកិត្តិយសទាំងអស់ ឲ្យចូលរួមជាមួយយើង ក្នុងដំណើរដែលគួរឲ្យរំភើបមួយនេះ ហើយគាំទ្រយើងខ្ញុំក្នុងបេសកកម្ម ក្នុងការធ្វើឲ្យកែបវេស ក្លាយជាទីតាំងមួយដែលផ្ដល់ជូន នូវបទសោធន៍ដែលមិនអាចភ្លេចបាន ជូនដល់ភ្ញៀវកិត្តិយសទាំងអស់របស់យើង។

លោកអភិបាលខេត្តកែប សោម ពិសិដ្ឋ បានមានប្រសាសន៍រាយការណ៍ អំពីស្ថានភាពទូទៅ របស់ខេត្តកែប ក៏ដូចជាលទ្ធផលការងារដែលខេត្តសម្រេចបាន។ ក្រោមការដឹកនាំ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងការអនុវត្តតួនាទី ភារកិច្ច ដោយការទទួលខុសត្រូវរបស់មន្ទីរ អង្គភាព អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ បណ្ដាកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ខេត្តរក្សាបានសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ទាំងលើគោកនិងតាមបណ្ដាកោះមានភាពល្អប្រសើរ ប្រជាពលរដ្ឋបានរស់នៅប្រកបដោយសុខដុមរមនា បង្ក្រាបបាននូវចោរកម្ម ល្បែងស៊ីសង និងបទល្មើសផ្សេងៗនៅក្នុងមូលដ្ឋាន ព្រមទាំងបង្កលក្ខណៈជូនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកទស្សនាសម្រាកលំហែកម្សាន្តក្នុងខេត្ត មានភាពកក់ក្តៅសប្បាយរីករាយ ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកអភិបាលខេត្ត បន្តទៀតថា ចំពោះរមណីយដ្ឋានថ្ងៃបាំងឆត្រ ទទួលបានការវាយតម្លៃខ្ពស់ គឺពិតជាភោគជ័យដ្ឋាន ដែលបានថែរក្សាបរិស្ថានល្អ និងទទួលបានបានប័ណ្ឌសរសើរ ពីក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្ត។ នៅឆ្នាំ២០១៧ ថ្ងៃបាំងឆ័ត្រ ទទួលបានការអនុញ្ញាតឲ្យដំណើរការ ក្លឹបទូកក្តោងជាផ្លូវការ ក្រោមអធិបតីភាព លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអភិវឌ្ឍន៍ឆ្នេរខ្សាច់កំសាន្តកម្រិតខ្ពស់ ២.៧០០ម៉ែត្រនេះ ក្រុមហ៊ុនថ្ងៃបាំងឆ័ត្រ ក៏បានដាក់សំណើអភិវឌ្ឍន៍បន្ថែម រហូតទទួលបានច្បាប់អនុញ្ញាត សាងសង់ភោជនីយដ្ឋាន ក្លឹបទូកក្តោងលើដីសម្រាប់តំបន់បៃតងដូចថ្ងៃនេះ។

លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដល់មន្ត្រីរាជការ កងកម្លាំងដាវុធ អាជ្ញាធរ និងពុកម៉ែ បងប្អូន ដែលបានចូលរួមក្នុងកម្មវិធីនាថ្ងៃនេះផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាល បានចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអទិភាព និងជាមាសបៃតង រួមចំណែកដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច តាមរយៈការបង្កើតការងារ បង្កើតប្រាក់ចំណូលជូនប្រជាជន។ ទេសចរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជា មានវិសាលភាពគ្របដណ្ដប់លើខេត្ត ចំនួន៤ គឺខេត្តព្រះសីហនុ កំពត កែប និងខេត្តកោះកុង ក្រោមឈ្មោះរួមតែមួយថា «ឆ្នេរសមុទ្រកម្ពុជា» មានប្រវែងសរុប ៥២៦,៥ គីឡូម៉ែត្រ ដែលត្រូវបានដាក់បញ្ចូលជាសមាជិកពេញសិទ្ធក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក នៅក្នុងមហាសម្បត្តិលើកទី៧ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ដោយមានការសម្បូរបែបខាងជីវៈចម្រុះ ភាពល្អប្រណិតនៃបរិស្ថានធម្មជាតិ តម្លៃអេកូឡូស៊ី សេដ្ឋកិច្ច សង្គម វប្បធម៌ និងប្រពៃណីក្នុងតំបន់ ព្រមទាំងភាពទាក់ទាញផ្នែកទេសចរណ៍។

លោកឧបនាយករដ្ឋមន្ត្រី បន្តថា ក្រុងកែបត្រូវបានកំណត់ចក្ខុវិស័យ ជាទីក្រុងទំនើប មានខ្យល់អាកាសធម្មជាតិបរិសុទ្ធ ឆ្នេរសមុទ្រដ៏ស្អាត សម្រាប់ការស្នាក់នៅប្រកបការងារ និងទេសចរណ៍ ដែលមានគុណភាពបរិស្ថានរស់នៅល្អ ផាសុខភាព និងសុភមង្គលល្អ។ តាមរយៈការអភិវឌ្ឍន៍ទីក្រុង រួមមាន៖

១៖ គោលដៅទេសចរណ៍ ឆ្នេរសមុទ្រ កោះធម្មជាតិ ដែលស្អាតបំផុត។
២៖ ទីក្រុងបៃតង បុរីលំនៅស្ថានស្ងប់ស្ងាត់ មជ្ឈមណ្ឌល ទុរកិច្ចអប់រំ សិក្សាស្រាវជ្រាវ ដែលមានហេដ្ឋារចនាសម្ព័ន្ធសេវាកម្ម និងគុណភាពបរិស្ថាន រស់នៅបៃតងធម្មជាតិល្អប្រណិត ប្រកបដោយសុភមង្គល។
៣៖ គ្រប់គ្រង និងអភិបាលកិច្ចល្អ។
៤៖ ចេរភាព តុល្យភាព និងសមាហរណ ការអភិវឌ្ឍ ប្រកបទៅដោយទឹកសមុទ្រខៀវស្រងាត់ និងខ្យល់អាកាសល្អបរិសុទ្ធ។
៥៖ ជ័យលាភីទីក្រុងឆ្នេរសមុទ្រស្អាតបំផុត ដែលមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកសម្រាកលំហែកំសាន្តគ្រប់រដូវកាល។

លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តទៀតថា នៅក្នុងគោលដៅសម្រេចចក្ខុវិស័យក្រុងកែបខាងលើនេះ រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យគណៈកម្មការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា អនុវត្តគម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរខ្សាច់កំសាន្តសាធារណៈកម្រិតខ្ពស់ ដែលមានប្រវែង ២.៧០០ ម៉ែត្រ ដែលបានរៀបចំជាសួនច្បារសាធារណៈ ឆ្នេរខ្សាច់ ឆ្នេរកម្សាន្តសាធារណៈ ស្ថាបនាវិថី និងអនុវិថី ចូលឆ្នេរសមុទ្រជាដើម។

គម្រោងឆ្នេរសមុទ្ររីសតគំរូថ្ងៃបាំងឆត្រដែលត្រូវសម្ពោធដាក់ឲ្យដំណើរការនាពេលនេះគឺជាផ្នែកមួយអភិវឌ្ឍន៍។ ដោយឡែក ក្រុមហ៊ុនរម្មណីយដ្ឋានឆ្នេរខ្សាច់កំសាន្តខាងលើ គម្រោងឆ្នេរសមុទ្រគំរូ ឆ្នេរសមុទ្រ"ថ្ងៃបាំងឆ័ត្រនេះ ក៏នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សោភណ្ឌភាពតំបន់ឆ្នេរ និងបង្កើតបាននូវសេវាកម្មទេសចរណ៍ថ្មី សាកសមជាកន្លែងសម្រាកលំហែកាយជាមួយនឹងការគយគន់ទេសភាពសមុទ្រ និងខ្យល់អាកាសបរិសុទ្ធ។

នាឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏បានគាំទ្រពាក់ព័ន្ធចម្រោះទឹកខ្វក់នៅក្នុងគម្រោងនេះ ដែលនឹងរក្សាបានបរិស្ថានល្អ មិនប៉ះពាល់ដល់សុភ័ណភាពឆ្នេរ និងសុខភាពរបស់ប្រជាពលរដ្ឋចេញចូលកម្សាន្ត និងជាគំរូសម្រាប់ការអនុវត្ត នៅតាមបណ្ដាទីតាំងគម្រោងផ្សេងៗទៀត។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ ពីតម្លៃខ្ពស់ របស់ក្រុមហ៊ុនថ្ងៃបាំងឆ័ត្រ ដែលប្រតិបត្តិករ និងវិនិយោគិនបរទេសមួយ មានស្នាដៃ និងគុណភាពល្អ ប្រកបដោយសក្តានុពលនៅក្នុងការជំរុញ និងការទាក់ទាញទេសចរណ៍នៅក្រុងកែប និងបានបង្ហាញការបន្តជឿជាក់លើសន្តិភាព និងសក្តានុពលសេដ្ឋកិច្ចនៅកម្ពុជា។ ហើយលោកនឹងសង្ឃឹមផងដែរថា គម្រោងនេះនឹងដំណើរការដោយរលូន ដោយមានការគាំទ្រពីមហាជន និងភ្ញៀវទេសចរគ្រប់មជ្ឈដ្ឋាន នឹងទទួលបានជោគជ័យ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវ លើកទឹកចិត្តដល់ធូរជន និងក្រុមហ៊ុនដទៃទៀត ចូលរួមជាមួយរដ្ឋាភិបាល វិនិយោគក្នុងវិស័យទេសចរណ៍ហើយក្រសួងរៀបចំដែនដី នគររូបនីកម្មនិងសំណង់ នឹងផ្ដល់កិច្ចសហការជាប់ជាប្រចាំ ដើម្បីជួយសម្រួលសំណើនិងសំណូមពររបស់អ្នកវិនិយោគនៅក្នុងសមត្ថកិច្ចរបស់ខ្លួន៕