(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ អ្នកឧកញ៉ា លាង ឃុន សហការជាមួយឧកញ៉ា ថៃ ជាហួត បានបើកសម្ពោធជាផ្លូវការ ការដ្ឋានសាងសង់ស្ពានចំនួនពីរខ្សែ ដោយចំណាយថវិកាសរុបប្រមាណ ៥ លានដុល្លាសហរដ្ឋអាមេរិក ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។ ស្ពានទាំងពីរខ្សែនេះធ្វើឡើងពីបេតុងអាមេ ដោយស្ពានទីមួយមានប្រវែង ២០ម៉ែត្រ × ២៨,៥ម៉ែត្រ និងស្ពានទីពីរមានប្រវែង ១៦០ម៉ែត្រ × ២៨,៥ម៉ែត្រ ស្ថិតនៅសង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ពិធីសម្ពោធការដ្ឋានសាងសង់ស្ពានទាំងពីរ ក៏មានការចូលរួមពី ថ្នាក់ដឹកនាំជាន់ខ្ពស់ បុគ្គលិកគ្រប់ជាន់ថ្នាក់ ពីក្រុមហ៊ុន ជីប ម៉ុង និងក្រុមហ៊ុន ប៉េង ហួត អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋសរុបប្រមាណជាង ២៥០នាក់។

អ្នកឧកញ៉ា លាង ឃុន បានថ្លែងថា ស្ពានទាំងពីរនេះ នឹងក្លាយជាសមិទ្ធផលដ៏ថ្លៃថ្លា ក្នុងការបម្រើជាប្រយោជន៍ដ៏សំខាន់សម្រាប់សាធារណជន ក៏ដូចជាជួយលើកកម្ពស់សោភណភាព បរិស្ថានល្អសម្រាប់ការរស់នៅ និងជាពិសេសរួមចំណែកពង្រឹងសេដ្ឋកិច្ចជាតិផងដែរ។ សម្រាប់ចក្ខុវិស័យខាងមុខ ក្រុមហ៊ុន ជីប ម៉ុង  និង ក្រុមហ៊ុន ប៉េង ហួត នឹងបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីបំពេញតម្រូវការប្រជាពលរដ្ឋ ក៏ដូចជាចូលរួមចំណែកក្នុងការលើកកម្ពស់ដល់វិស័យសេដ្ឋកិច្ច និងសង្គមជាតិនាពេលអនាគត។

លោក ឃួង ស្រេង បានថ្លែងថា ការបើកការដ្ឋាន សាងសង់ ស្ពានចំនួន ២ នៃមហាវិថី អ្នកឧកញ៉ា មហាភក្តីសប្បុរស ភោ គាធិបតី ហ៊ុន នាង គឺជាសមិទ្ធិផល មួយទៀត ដែលសាលា រាជធានី ភ្នំពេញ សម្រេចបាន ក្នុងការកសាង និង អភិវឌ្ឍន៍ ផ្នែកហេដ្ឋារចនាសម្ព័ន្ធ សាធារណៈឲ្កាន់តែប្រសើរ ថែម ទៀត។ 

សូមបញ្ជាក់ផងដែរថា ស្ពានថ្មីទាំងពីរខ្សែនេះ នឹងជាសមិទ្ធផលដ៏សំខាន់មួយដល់ប្រជាជន និងសង្គមជាតិ ក្នុងការជួយ សម្រួល ដល់ការរស់នៅ ប្រកប អាជីវកម្ម និង ការធ្វើ ដំណើរ ព្រមទាំងជាយុទ្ធសាស្រ្តនៃ ការតភ្ជាប់ ពីតំបន់មួយ ទៅតំបន់ មួយ និងជាដោះស្រាយ បញ្ហា កកស្ទះចរាចរ កាត់បន្ថយ ការ ចំណាយ និងជាផ្នែកមួយជំរុញ ឲ្យសេដ្ឋកិច្ចទីផ្សារ វិស័យសាធារណៈ វិស័យហេដ្ឋារចនាសម្ព័ន្ធឲ្យកាន់តែរីកចម្រើនឆ្ពោះទៅមុខទទឹមគ្នា ប្រកបដោយប្រសិទ្ធភាព ៕