(ភ្នំពេញ)៖ ក្រោយខកខានចេញផលិតដោយសារវិបត្តិកូវីដ១៩ រយ:ពេល៣ឆ្នាំ ផលិតកម្ម វ័នឌើរ ហ្វីម អេនធើធេនមុិន (Wonder Film Entertainment) បានសង្ងំផលិតរឿងខ្នាតធំថ្មី មានចំណងជើងថា «កំណើតអរូប» ដែលគ្រោងចាក់បញ្ចាំងនៅគ្រប់រោងកុនទូទាំងប្រទេសនៅដើមខែមេសាខាងមុខនេះ ពោលគឺនៅមុនឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរចូលមកដល់។

ខ្សែភាពយន្តខា្នតធំរឿង «កំណើតអរូប» ដែលផលិតកម្ម វ័នឌើរ ហ្វីម អេនធើធេនមុិន (Wonder Film Entertainment) គ្រោងប្រកាសចាក់បញ្ចាំងនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ខាងមុននេះ ជារឿងដែលឆ្លុះបញ្ចាំងពីផ្នត់គំនិតបែបវិទ្យសាស្ត្រភ្ជាប់ជាមួយនឹងអបិយជំនឿ បែបខ្មោចព្រាយបិសាច ព្រឺព្រួច មន្តអាគម ភ័យរន្ធត់ ពិធីសាសនាធំទាំង៣រួមគ្នា និងប្រពៃណី វប្បធម៌ខ្មែរ។ រឿងខ្នាតធំកម្រិតខ្ពស់នេះ គឺជាមានការចូលរួមសម្តែងដោយតារាល្បីៗជនជាតិខ្មែរ និងតារាបរទេស ដែលថតនៅទីតាំងសំខាន់ និងទាក់ទាញដូចជា ប្រាសាទអង្គរវត្ត វត្តបាកានខេត្តពោធិសាត់ ដែលមានបដិមាបែរព្រះភក្ត្រទៅទិសខាងលិច និងព្រះនាងដោះធំលើភ្នំគូលែន។

អ្នកនិពន្ធ និងជាអ្នកដឹកនាំរឿងវ័យ៤៤ឆ្នាំ លោក សែម វិសាល បានបញ្ជាក់ប្រាប់ Fresh News Plus ឲ្យដឹងថារឿង «កំណើតអរូប» ជាភាពយន្តមួយដែលអាចផ្លាស់ប្តូរទស្សន:របស់ទស្សនិជនមកគាំទ្រខ្សែភាពយន្តខ្មែរកាន់តែច្រើន។ រឿងនេះយើងចំណាយរយ:ពេលក្នុងការផលិត ៨ខែ យើងបានគិតគូរ និងសម្រិតសម្រាំងគុណភាព ខ្លឹមសាររឿង បច្ចេកទេស រូបភាព សំឡេង ហើយភាពយន្តនេះ គឺផលិតដោយក្រុមការងារជនជាតិខ្មែរ១០០ភាគរយ»។

អ្នកនិពន្ធ និងដឹកនាំរឿងដែលមានបានបញ្ចប់ការសិក្សាដឹកនាំរឿងមកពីក្រៅប្រទេស និងបញ្ចាប់ថ្នាក់បណ្ឌិតវេជ្ជសាស្ត្រ សែម វិសាល បានបន្តថា «នេះជាភាពយន្តទី៥របស់ខ្ញុំ បន្ទាប់ពីរឿង ប្រាសាទកំបាំងមុខ រឿងផ្ទះចិញ្ចឹមខ្មោច រឿងស្នរជើងអ្នកណា? និងរឿងអន្ទងវិញ្ញាណ។ ខ្ញុំសង្ឃឹមថារឿងទី៥ ដែលមានរយ:ពេល១ម៉ោង និង៤៥នាទីនេះ នឹងក្លាយជាផ្នែកមួយដែលបង្ហាញ និងចូលរួមក្នុងការលើកស្ទួយផ្សព្វផ្សាយវប្បធម៌ វិស័យទេសចរណ៍របស់កម្ពុជាឲ្យដ៏មានប្រសិទ្ធភាព និងនាំភាពយន្តខ្មែរទៅកាន់ទីផ្សារអន្តរជាតិ»

ខ្សែភាពយន្តខ្នាតធំរឿង «កំណើតអរូប|The RITUAL:BLACK NUN» គឺជាស្នាដៃសហការផលិតដោយ ផលិតកម្ម វ័នឌើរហ្វីម អេនធើធេនមុិន និងអឺវ៉ាយ ភីកឈ័រ ដែលមានលោក ស្រ៊ុន គីមហួរ ជាអ្នកគ្រប់គ្រងការផលិត និងលោក សែម វិសាល ជាអ្នកនិពន្ធ និងដឹកនាំរឿង៕