(ប៉ារីស)៖ ក្រុមជម្រើសជាតិមាន់គក់បារាំង បានយកឈ្នះក្រុមទឹកក្រូចហូឡង់ ៤-០ នៃជំនួបដំបូងស្ថិតក្នុងពូល B ខណៈខ្សែប្រយុទ្ធវ័យក្មេង និងទើបឡើងតំណែងប្រធានក្រុម Kylian Mbappe រកបាន ២គ្រាប់ រួមចំណែកជួយក្រុមរកបាន ៣ពិន្ទុ ដែលដឹកនាំដោយលោក Didier Deschamps។

Mbappe រកបាន ២គ្រាប់នៅនាទី២១ នឹងនាទី៨៨ ខណៈខ្សែប្រយុទ្ធ Antoine Griezmann បានបង្កភាពអស្ចារ្យក្នុងការប្រកួតដោយរកបានត្រឹមការលេងបាន ២នាទីដំបូង ពេលមិត្តរួមក្រុម Dayot Upamecano រកបាននៅនាទី៨ នៃការយកឈ្នះក្រុមលំដាប់ខ្លាំងនៅអឺរ៉ុបជាមួយគ្នានេះ។

តាមរយៈការស៊ុតបាន ២គ្រាប់របស់ Mbappe ដែលទើបឡើងតំណែងជាប្រធានក្រុមថ្មីនេះ បានធ្វើឲ្យរូបគេកើនបាន ៣៨គ្រាប់បណ្តោះអាសន្នផងដែរ ដ្បិតពាន Euro ក្រុមបារាំង ជាអតីតជើងឯក ២សម័យកាល និងរងជើងឯកឆ្នាំ២០១៦ នៅទឹកដីរបស់ពួកគេ។

រំលឹកផងថា នេះជាប្រកួតវគ្គជម្រុះក្នុងតំបន់អឺរ៉ុប ដែលមានចំនួន ៥៣ប្រទេស ខណៈក្រុមមាន់គកបារាំង ស្ថិតក្នុងពូល B ជាមួយក្រុមហូឡង់, សាធារណរដ្ឋអៀរឡង់, ក្រិក, និងហ្ស៊ីប្រាតា ដ្បិតកំពុងមាន ៣ពិន្ទុស្មើជាមួយក្រុមក្រិក ហើយប្រកួតបន្ទាប់របស់ក្រុមបារាំង ប៉ះក្រុមសាធារណរដ្ឋអៀរឡង់ នៃប្រកួតទី២៕