(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងរៀបចំ «ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ដំបូងគេបង្អស់ និងមិនដែលធ្លាប់មាន កន្លងមកនៅកម្ពុជា ជាមួយនឹងបេសកកម្មក្នុងការលើកកម្ពស់ការចាប់យកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងដើម្បីលើកទឹកចិត្តបន្ថែម ក្នុងការច្នៃប្រឌិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន ជាការរួមចំណែកក្នុងការរួមគ្នាអនុវត្តគោលនយោបាយ និងផែនទីបង្ហាញផ្លូវរបស់រាជរដ្ឋាភិបាល ដោយអនុលោមតាមក្របខណ្ឌ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ ២០២១-២០៣៥ និងសម្រាប់ប្រទេសកម្ពុជាត្រៀមខ្លួនក្នុងការក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គ្រោងនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយមានការចូលរួមពីស្ថាប័នពាក់ព័ន្ធសរុបជាង ២០០ស្ថាប័ន ក្នុងនោះរួមមានក្រសួងពាក់ព័ន្ធ គ្រឹះស្ថានឧត្តមសិក្សា និងស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ក្រុមហ៊ុនអាជីវកម្ម និងសមាគមពាណិជ្ជកម្មជាដើម។

គួរបញ្ជាក់ថា ពិធីបើកកម្មវិធីនឹងប្រព្រឹត្តឡើង នៅថ្ងៃទី ២៦ ខែមីនាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

កម្មវិធីសំខាន់ៗនៃព្រឹត្តិការណ៍ថ្នាក់ជាតិនេះ រួមមានការដាក់តាំងបង្ហាញ Science Caravan ដែលជា មន្ទីរពិសោធន៍ចល័តវិទ្យាសាស្រ្តដំបូងគេ ដែលមិនធ្លាប់មាន។ ការដាក់តាំងបង្ហាញមន្ទីរពិសោធន៍នេះ ត្រូវបានរចនាឡើងដើម្បីទាក់ទាញចំណាប់អារម្មណ៍ របស់កុមារលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការច្នៃប្រឌិត ក៏ដូចជាលើកទឹកចិត្តបណ្តុះនូវអាកប្បកិរិយាវិជ្ជមានចំពោះការអប់រំស្ទែម (STEM) ផងដែរ។

ព្រឹត្តិការណ៍ នេះត្រូវបានគេរំពឹងថានឹងទាក់ទាញកុមារ និងអាណាព្យាបាលជាច្រើនដើម្បីណែនាំកូនរបស់ពួកគេ ឱ្យស្គាល់ពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

ជាមួយគ្នានេះផងដែរ កម្មវិធីថ្នាក់ជាតិមួយនេះ ក៏មានបទបង្ហាញសំខាន់ៗជាច្រើនពីសំណាក់អ្នកជំនាញ និងអ្នកស្រាវជ្រាវជាច្រើនក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដោយផ្តោតសំខាន់ទៅលើការផ្សព្វផ្សាយ វិស័យស្ទែមសម្រាប់កុមារ និងជាពិសេសសម្រាប់ក្មេងស្រីផងដែរ។ បន្ថែមពីនេះ ក៏មានកម្មវិធី Talk Show ដែលជាវេទិកាមួយដើម្បីប្រមូលផ្តុំបញ្ញាវ័ន្ត សហគ្រិន និងអ្នកជំនាញរដ្ឋាភិបាល ដើម្បីធ្វើកិច្ចពិភាក្សា លើបញ្ហាប្រឈមផ្សេងៗ ក៏ដូចជាការស្វែងរកដំណោះស្រាយ និងកិច្ចសហការនាពេលអនាគតក្នុងវិស័យ ទាំងពីរនេះផងដែរ។ នេះគឺជាឱកាសដ៏ពិសេសមួយ ដើម្បីលើកកម្ពស់ការរួបរួមសាមគ្គីគ្នា ហើយទទួលយក គំនិតពីមុំខុសៗគ្នា ដើម្បីឈានទៅរកការសម្រេចចិត្តកាន់តែប្រសើរឡើងនៅក្នុងស្ថាប័នរៀងៗខ្លួន។

លោកបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា «រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា២០៣០ ក្នុងគោលបំណង ដើម្បីជំរុញប្រព័ន្ធអេកូឡូស៊ីលើវិស័យនេះ និងមានគោលដៅទាក់ទាញការវិនិយោគនៅក្នុងវិស័យឧស្សាហកម្មទាក់ទិននឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅកម្ពុជា»។

លោកក៏បានបន្ថែមទៀតដែរថា «វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនាវានុវត្តន៍ គឺជាឆ្អឹងខ្នងនៃការការអភិវឌ្ឍប្រទេសជាតិ។ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការសម្រេចិត្តយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនាវានុវត្តន៍ ដើម្បីជម្រុញប្រទេសកម្ពុជាឲ្យឈានជើងចូលទៅក្នុងសករាជថ្មីនៃអារ្យធម៌ដ៏រស់រវើកផងដែរ»។

បើតាមលោកស្រី ជា រដ្ឋា អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ «ប្រទេសទាំងអស់នៅលើពិភពលោក ស្ត្រីដែលសិក្សាផ្នែកស្ទែម (STEM) នៅមានភាគរយតិចតួចណាស់ ប៉ុន្តែសម្រាប់នៅប្រទេសកម្ពុជាយើងនេះដែរ មានសហគ្រិនដែលជាស្រ្តី ដែលបានចូលសិក្សាផ្នែកនេះមានចំនួន ៣០ភាគរយ ប៉ុន្តែស្ត្រីដែលបម្រើការងារផ្នែកនេះក្នុងតំណែងជាថ្នាក់ដឹកនាំប្រហែល ៨% ទៅ ១០% ប៉ុណ្ណោះ។ ដោយឡែក គោលបំណងរបស់យើងនៅក្នុងឆ្នាំ ២០៣០ គឺយើងចង់ឲ្យមានស្ត្រីរហូតដល់ទៅ ៤០ភាគ»។

ព្រឹត្តិការណ៍ថ្នាក់ជាតិរយៈពេលបីថ្ងៃនេះ រំពឹងទុកថានឹងទាក់ទាញអ្នកចូលរួមទស្សនារហូតជាង ៥0,000 នាក់ ជាមួយនឹងការសិក្សាបន្ថែមពាក់ព័ន្ធនឹងវិទ្យាសាស្ត្របែបអន្តរកម្ម និងសប្បាយ ដើម្បីជំរុញឲ្យមានចំណាប់ អារម្មណ៍លើវិទ្យាសាស្ត្រក្នុងចំណោមកុមារ និងយុវជនកម្ពុជា។

សូមបញ្ជាក់ផងដែរថា ការប្រារព្ធនូវទិវាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនាវានុវត្តន៍ មានសារៈសំខាន់ណាស់ក្នុងការចូលរួមចំណែកទាក់ទាញវិនិយោគិន ធុរជន និងបុគ្គលមានគំនិត បង្កើតថ្មី និងនាវុវត្តន៍ថ្មីៗ ដើម្បីចូលរួម ចំណែកលើកកម្ពស់វិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនាវានុវត្តន៍ ជាពិសេសគឺចូលរួមចំណែកបង្កើនកំណើនសេដ្ឋកិច្ចជាតិ និងក្នុងគោលដៅសម្រេចឲ្យបាននូវចក្ខុវិស័យដែលកម្ពុជានឹងប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់ត្រឹមឆ្នាំ ២០៥០ ផងដែរ៕