(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅតែជាកត្តារារាំងដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ទោះបីជាមានការចូលរួមពីគ្រប់មជ្ឈដ្ឋានក្នុងការទប់ស្កាត់ក៏ដោយ ប៉ុន្តែអត្រាគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើតឡើងមិនចេះស្រាកស្រាន្ត ។ គ្រោះថ្នាក់ចរាចរណ៍ទាំងនេះ ភាគច្រើនកើតចេញពីកត្តាមនុស្ស មានជាអាទិ៍ ការធ្វេសប្រហែសក្នុងពេលបើកបរ ការបើកបរក្នុងល្បឿនលឿន ការមិនគោរពសិទ្ធិអាទិភាព មិនគោរពភ្លើងសញ្ញាចរាចរណ៍ ការបើកជែងក្នុងស្ថានភាពគ្រោះថ្នាក់ ឬបើកបរក្នុងស្ថានភាពស្រវឹង និងការប្រើប្រាស់ទូរស័ព្ទពេលកំពុងបើកបរ ជាដើម ។ មិនតែប៉ុណ្ណោះ ជារឿយៗតែងតែមានការកត់សម្គាល់ថា នៅពេលដែលជនល្មើសបង្កគ្រោះថ្នាក់បណ្ដាលឱ្យមានអ្នករបួស ឬអ្នកស្លាប់ តែងតែធ្វើការរត់គេចខ្លួន ដោយមិនទទួលខុសត្រូវ ទោះបីជាដឹងថាទង្វើនេះខុសនឹងច្បាប់ក៏ដោយ ។

តើអ្វីទៅជាបទរត់គេចខ្លួន? តើច្បាប់នៃព្រះរាជាណាចក្រកម្ពុជា បានផ្តន្ទាទោសទៅលើបទល្មើសនេះយ៉ាងដូចម្តេចខ្លះ?

ដូច្នេះសប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី បទរត់គេចខ្លួន មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ដើម្បីស្វែងយល់ឱ្យបានកាន់តែច្បាស់។

សញ្ញាណនៃបទរត់គេចខ្លួន ត្រូវបានរំលេចឡើងនៅក្នុងមាត្រា ៥៤៣ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់ថា អំពើប្រព្រឹត្តដោយអ្នកបើកបរយានជំនិះផ្លូវគោក ឬផ្លូវទឹកដែលបានដឹងច្បាស់ថា ខ្លួនទើបតែបង្កឱ្យមានគ្រោះថ្នាក់ ឬការខូតខាត ហើយមិនព្រមឈប់ ដើម្បីគេចខ្លួនពីការទទួលខុសត្រូវព្រហ្មទណ្ឌ ឬរដ្ឋប្បវេណី។ រាល់បុគ្គលទាំងឡាយ ដែលបានល្មើសនឹងមាត្រានេះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ០៦ (ប្រាំមួយ) ខែ ទៅ ០២ (ពីរ) ឆ្នាំ និងពិន័យជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៤.០០០.០០០ (បួនលាន) រៀល។

ឧទាហរណ៍៖ លោក “ក” បានធ្វើដំណើរចេញពីកម្មវិធីរៀបអាពាហ៍ពិពាហ៍ ក្រោមស្ថានភាពស្រវឹងខ្លាំង លុះមកដល់ចំណុចប្រសព្វមួយ លោក “ក” បានបើករថយន្តទៅបុកនឹងរថយន្តមួយទៀត ដែលបង្កឱ្យមានអ្នកស្លាប់ និងរបួស ជាអាទិ៍ ដោយខ្លាចហិង្សាណាមួយកើតឡើង ពីសំណាក់ប្រជាពលរដ្ឋមកលើខ្លួន ដូច្នេះលោក “ក” បានសម្រេចចិត្តរត់គេចខ្លួនពីកន្លែងកើតហេតុ ដើម្បីរង់ចាំដោះស្រាយតាមក្រោយ ឬប្រសិនបើសមត្ថកិច្ចរកគាត់មិនឃើញ គឺរួចពីសំណាញ់ច្បាប់តែម្តង។

ក្នុងករណីខាងលើនេះ គឺស្ដែងឱ្យឃើញពីចេតនារបស់ លោក “ក” ក្នុងការប្រព្រឹត្តបទល្មើសស្តីពី «បទរត់គេចខ្លួន» នៅពេលដែលលោក “ក” ទើបតែបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ហើយមិនព្រមឈប់ បែរជារត់គេចខ្លួនពីការទទួលខុសត្រូវព្រហ្មទណ្ឌ និងរដ្ឋប្បវេណីទៅវិញ ។ បន្ថែមពីនេះ លោក “ក” ក៏អាចទទួលទោសក្រោមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកផងដែរ ដែលបានចែងក្នុងមាត្រា ៨៥ ថា ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច ដែលបទប្បញ្ញតិ្តស្តីពីចរាចរណ៍ផ្លូវគោកតម្រូវ បណ្តាលឱ្យស្លាប់អ្នកដទៃ ត្រូវផ្តទ្ទាទោសដាក់ពន្ធនាគារពី ០២ (ពីរ) ឆ្នាំ ទៅ ០៥ (ប្រាំ) ឆ្នាំ និងត្រូវពិន័យជាប្រាក់ពី ១០.០០០.០០០ (ដប់លាន) រៀល ទៅ ២៥.០០០.០០០ (ម្ភៃប្រាំលាន) រៀល ប្រសិនបើរកឃើញថាជនបង្កបើកបរក្នុងស្ថានភាពស្រវឹង ឬរត់គេចខ្លួនពីកន្លែងកើតហេតុ។

សរុបមក រាល់ពេលដែលកើតមានឡើងនូវគ្រោះថ្នាក់ចរាចរណ៍ ទោះបីជាមានមនុស្សស្លាប់ ឬរបួស ជនបង្កគួរតែបញ្ឈប់ការរត់គេចវេះពីការទទួលខុសត្រូវរបស់ខ្លួន ដើម្បីធ្វើការដោះស្រាយ ទទួលខុសត្រូវចំពោះការខូតខាត ជាមួយជនរងគ្រោះ ដើម្បីជៀសវាងការបង្កហេតុនានាផ្សេងទៀត និងកាន់តែមានទោសបន្ថែមលើការរត់គេចពីការទទួលខុសត្រូវ ចំពោះទង្វើរបស់ខ្លួនដែលបានបង្ក។ លើសពីនេះទៀត ដើម្បីជៀសឆ្ងាយពីគ្រោះថ្នាក់ចរាចរណ៍ សូមអ្នកប្រើប្រាស់ផ្លូវទាំងអស់ មេត្តាបើកបរដោយស្មារតីប្រុងប្រយ័ត្ន យោគយល់ អធ្យាស្រ័យ និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីចូលរួមកាត់បន្ថយការស្លាប់ និងរបួសនៅលើទ្រូងផ្លូវ ដែលកើតឡើងជាយថាហេតុផ្សេងៗ ស្របតាមគោលការណ៍ និងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល។

រៀបរៀងដោយ៖ លោកស្រីមេធាវី នូ ពិសី និង លោក អ៉ឹម វិរៈបុត្រ ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយ អត្ថបទច្បាប់នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ១២៦៥ ផ្លូវលំ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល៖ [email protected], គេហទំព័រ៖www.ciclf.com, ហ្វេសបុកផេក៖ Cambodia International Cooperation Law Firm៕