(សិង្ហបុរី)៖ ក្រុមជម្រើសជាតិអាយុក្រោម U22 កម្ពុជា យកបានចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីយកឈ្នះម្ចាស់ផ្ទះសិង្ហបុរី ២-១ ក្នុងការប្រកួតពានមិត្តភាពអន្តរជាតិ Merlion Cup 2023 ហើយក្រុមជើងឯកបានទៅលើក្រុម U22 ម៉ាឡេស៊ី បន្ទាប់យកឈ្នះក្រុមហុងកុង ២-១ នៅវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣។

ស្ថិតក្នុងការប្រជែងពេញម៉ោង ៩០នាទី ការរកបានចំណាត់ថ្នាក់លេខ៣ របស់ក្រុម U22 កម្ពុជា ធ្វើបានដោយ ២គ្រាប់ដោយកីឡាករ វឿន វ៉ា និងកីឡាករ គី រីណា, ខណៈសិង្ហបុរី ក៏មានការព្យាយាមវាយបកជាច្រើនលើករហូតរកបាន ១គ្រាប់ដោយការស៊ុតបាល់ (Free Kick) ដ្បិតបានត្រឹមលេខ៤។

រំលឹកផងថា នេះជាការប្រកួតមិត្តភាពអន្តរជាតិពានរង្វាន់ Merlion Cup 2023 នៅប្រទេសសិង្ហបុរី គឺមានការចូលរួម ៤ប្រទេសដោយមានក្រុមម្ចាស់ផ្ទះសិង្ហបុរី, ក្រុម U22 កម្ពុជា, ម៉ាឡេស៊ី និងក្រុមហុងកុង។

ការប្រកួតមិត្តភាពនេះផងដែរ ក៏ស្ថិតក្នុងការបោះជំរុំហ្វឹកហាត់វាស់ស្ទង់សមត្ថភាពកីឡាករជម្រើសជាតិ U22 កម្ពុជា គឺស្ថិតក្រោមការដឹកនាំដោយអ្នកចាត់ាការលោក Keisukie Honda និងលោក Ryu Hirose ក្នុងការត្រៀមការប្រជែងព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ នៅកម្ពុជា នាពេលខាងមុខនេះ។

ខណៈបន្ទាប់ពីបញ្ចប់ការបោះជំរុំហ្វឹកហាត់ ក៏ដូចជាប្រកួតមិត្តភាព Merlion Cup 2023 នៅសិង្ហបុរីនេះ, ដោយមិនមានការប្រែប្រួលទៅតាមគោលការណ៍របស់សហព័ន្ធបាល់ទាត់កម្ពុជា នោះទេ, ក្រុមជម្រើសជាតិអាយុក្រោម U22 កម្ពុជា ក៏គ្រោងនឹងត្រឡប់ទៅហ្វឹកហាត់នៅថៃម្ដងទៀត ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ដែលគ្រោងនឹងធ្វើការប្រកួតនាថ្ងៃទី២៩ ខែមេសា ពោលគឺមុនពិធីបើកកាបរ្រកួតផ្លូវការ ដែលនឹងប្រារព្ធធ្វើឡើងនាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ៕