(បរទេស)៖ ស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma បានវិលត្រឡប់ចូលទឹកដីប្រទេសចិនវិញហើយ បន្ទាប់ពីបាត់មុខជាសាធារណៈអស់រយៈពេលជិត ២ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។

កំពូលមហាសេដ្ឋីចិន Jack Ma បានចាកចេញពីប្រទេសចិនដីគោកនៅអំឡុងចុងឆ្នាំ២០២០ បន្ទាប់ពីលោករិះគន់ទៅលើប្រព័ន្ធច្បាប់របស់រដ្ឋ និងមានដីការចាប់ខ្លួនជាបន្តបន្ទាប់។ យោងតាមរបាយការណ៍ចាស់របស់សារព័ត៌មាន CNN នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ទូរទស្សន៍រដ្ឋចិន CCTV បានផ្សាយថា ជនសង្ស័យត្រូវបានដាក់នៅក្រោម «វិធានការបង្ខិតបង្ខំ» តាំងពីថ្ងៃទី ២៥ ខែមេសា ដោយសង្ស័យថា បាន «ឃុបឃិតជាមួយកងកម្លាំងប្រឆាំងនឹងរដ្ឋាភិបាលចិននៅក្រៅប្រទេស» ដើម្បី «ញុះញង់ឱ្យមានអបគមន៍»

ជុំវិញការបាត់មុខរបស់ Ma ជាសាធារណៈក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះត្រូវបានគេប្រទះឃើញរូបថតរបស់លោកទៅរស់នៅក្រៅប្រទេសដោយក្នុងនោះគេឃើញមានវត្តមានរបស់លោកនៅប្រទេសជប៉ុន អូស្រ្តាលី និងប្រទេសថៃជាដើម។

ប្រភពពីសារព័ត៌មាន South China Morning Post (SCMP) បានរាយការណ៍ពីការវិលត្រឡប់ចូលប្រទេសចិនវិញរបស់ Ma តាមរយៈរូបភាពដែលលោកបានទៅលេងសាលាដែលលោកបានបង្កើតឡើងនៅទីក្រុង Hangzhou និងជាផ្ទះរបស់ក្រុមហ៊ុន Alibaba និងក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Group។ ប៉ុន្តែប្រភពមិនបានបញ្ជាក់ពីពេលវេលាទៅដល់ប្រទេសចិនរបស់ Ma នោះទេ។

គួរជម្រាបដែរថា ភាគហ៊ុនរបស់ Alibaba បានកើនឡើងវិញប្រមាណ ៤ភាគរយ បន្ទាប់ពីរបាយការណ៍ SCMP ត្រូវបានចេញផ្សាយ៕