(ភ្នំពេញ)៖ ការប្រកួតទាត់ពានរង្វាន់លីគកំពូលកម្ពុជា (Cambodian League Cup 2023) បានវិលត្រលប់មកវិញហើយ នៅសប្តាហ៍ទី៦ បន្ទាប់ពីបានសម្រាកជាងកន្លះខែមកនេះ ដោយមានគូពិសេសៗត្រូវជួបគ្នា រវាងក្រុមម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ ប៉ះក្រុមខ្លាំងភ្នំពេញក្រោន នាចុងសប្តាហ៍នេះ នាថ្ងៃសៅរ៍ ទី០១​​ ខែមេសា ឆ្នាំ២០២៣ នៃកីឡដ្ឋាន AIA នាវេលាម៉ោង ០៣៖៤៥នាទី រសៀល។

គួររលឹកថា ក្រុម ISI ដង្កោសែនជ័យ កាលសប្តាហ៍ទី៥ កន្លងទៅបានលេងចាញ់ ក្រុមភ្ញៀវសូលទីឡូអង្គរ នៅក្នុងលទ្ធផល ៣ទល់២, ISI ដង្កោសែនជ័យ ក្រោយពីបានឆ្លងកាត់ ៤ប្រកួតមកនេះឃើញថា ឈ្នះ២ និងចាញ់២ បានឈរនៅចំណាត់ថ្នាក់លេខ៤ រកបាន ៦ពិន្ទុ។

ចំណែកឯក្រុមភ្នំពេញក្រោន វិញ កាលពីសប្តាហ៍ទី៥ កន្លងទៅ ក៏បានឈ្នះក្រុមម្ចាស់ផ្ទះ ណាហ្គា នៅក្នុងលទ្ធផល ២ទល់១, ក្រោនឆ្លងកាត់ ៤ប្រកួតមកនេះដូចគ្នា ឃើញថា ឈ្នះទាំង៤ មិនដែលស្គាល់ពាក្យចាញ់ម្តងឡើយ ឈរនៅកំពូលតារាងលេខ១ និងមាន ១២ពិន្ទុលើសគេប្រចាំពូល B។

ខាងក្រោមនេះជាកម្មវិធីប្រកួតរបស់ក្រុមទាំង១២ នៃពានរង្វាន់Cambodian League Cup ឆ្នាំ២០២៣ សម្រាប់សប្តាហ៍ទី៦

ការប្រកួតនៅថ្ងៃសៅរ៍ ទី០១ ខែមេសា នៃពូល B រួមមាន៖
១៖ នគរបាលជាតិ Vs អង្គរថាយហ្គឺរ
២៖ ISI ដង្កោសែនជ័យ​​ Vs ភ្នំពេញក្រោន
៣៖ សូលទីឡូអង្គរ Vs ព្រះខ័នរាជស្វាយរៀង។

ការប្រកួតនៅថ្ងៃអាទិត្យ ទី០២ខែមេសា នៃពូល A រួមមាន៖
១៖ អគ្គិសនីកម្ពុជា Vs គិរីវង់សុខសែនជ័យ
២៖ កោះកុង Vs វិសាខា
៣៖ ព្រៃវែង Vs បឹងកេត។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតប្រចាំពូល A វិញក៏មានគូពិសេសផងដែរ រវាងក្រុមម្ចាស់ផ្ទះព្រៃវែង ដែលឈរនៅចំណាត់ថ្នាក់លេខ៥ រកបាន ៤ពិន្ទុ ត្រូវប៉ះជាមួយក្រុមបឹងកេត ដែលឈរនៅចំណាត់ថ្នាក់លេខ៤ កំពុងរកបាន ៦ពិន្ទុ នៅថ្ងៃអាទិត្យ ទី០២ ខែមេសា នាវេលាម៉ោង ០៣៖៤៥នាទី រសៀល នៅក្នុងទឹកនៃកីឡដ្ឋាន ខេត្តព្រៃវែង៕