(បរទេស)៖ នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន TikTok លោក Shou Zi Chew បានផ្តល់សក្ខីកម្មនៅមុខសភាអាមេរិកប្រហែល ៥ម៉ោងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ប៉ុន្តែអាមេរិកហាក់មិនបានយល់ស្របនឹងការអះអាងរបស់ CEO TikTok នោះទេ ដោយព្រឹកថ្ងៃចន្ទសប្តាហ៍នេះប្រធានសភាតំណាងរាស្រ្តអាមេរិក លោក Kevin McCarthy បាននិយាយថា សមាជិកសភាអាមេរិកនឹងនៅតែឆ្ពោះទៅមុខដើម្បីសម្រេចសេចក្តីព្រាងច្បាប់ដើម្បីដោះស្រាយការព្រួយបារម្ភអំពីសន្តិសុខជាតិ។ ភ្លាមៗបន្ទាប់ពីចេញព័ត៌មាន ក្រសួងការបរទេសចិនបានប្រតិកម្មទៅលើការសន្មតរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។

នៅសហរដ្ឋអាមេរិក មានការអំពាវនាវកាន់តែច្រើនឡើងដើម្បីហាមឃាត់ TikTok ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ByteDance ដែលមានមូលដ្ឋាននៅប្រទេសចិន រួមទាំងគ្រោងអនុម័តច្បាប់ទ្វេភាគី ដើម្បីផ្តល់សិទ្ធិអំណាចផ្លូវច្បាប់ដល់រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden ដើម្បីស្វែងរកការហាមឃាត់។ ឧបករណ៍ដែលគ្រប់គ្រងដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកថ្មីៗនេះត្រូវបានហាមឃាត់មិនឱ្យដំឡើងកម្មវិធី TikTok ជាដាច់ខាត។

លោក McCarthy បានបង្ហោះសារនៅលើគណនី Twitter ផ្ទាល់ខ្លួនរបស់លោកថា «សភាអាមេរិកនឹងឆ្ពោះទៅមុខជាមួយនឹងច្បាប់ដើម្បីការពារជនជាតិអាមេរិកពីជម្រកបច្ចេកវិទ្យារបស់បក្សកម្មុយនីស្តចិន»។ ខណៈការបង្ហោះរបស់លោកហាក់មិនបានទទួលយកទំនុកចិត្តនោះទេបើទោះបីជា Chew ដែលជា CEO របស់ TikTok នៅតែបន្តអះអាងម្តងហើយម្តងទៀតថា ក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance មិនមែនជាកម្មសិទ្ធិ ដែលត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាល ឬអង្គភាពណាមួយរបស់ចិនឡើយ។ ក្នុងនោះលោក Chew បានបន្តទៀតថា ខ្ញុំសូមបញ្ជាក់ឱ្យច្បាស់អំពីរឿងនេះ ByteDance «មិនមែនជាភ្នាក់ងាររបស់ប្រទេសចិន ឬប្រទេសណាមួយឡើយ»។

ដោយឡែកនៅក្នុងសវនាការកាលពីថ្ងៃព្រហស្បតិ៍ CEO របស់ TikTok ក៏ត្រូវបានសភាអាមេរិកជជីកសួរថាតើ កម្មវិធី TikTok នោះបានចារកម្មលើកជនជាតិអាមេរិកតាមសំណើរបស់ទីក្រុងប៉េកាំងដែរឬទេ? ចម្លើយរបស់ Chew នៅតែអះអាងដូចដើមថា «ទេ» ហើយ «ខ្ញុំមិនគិតថាការធ្វើចារកម្មគឺ ជាវិធីត្រឹមត្រូវដើម្បីដំណើរការ TikTok នោះទេ»។

តែយ៉ាងណាចម្លើយនេះហាក់មិនបានបង្កើនលទ្ធភាពនៃការទុកចិត្តរបស់អាមេរិកនោះទេ ក្រោយពីការបង្ហោះរបស់ប្រធានសភាតំណាងរាស្រ្តអាមេរិកលោក McCarthy ក្រសួងការបរទេសចិនបានចេញប្រតិកម្ម ដោយលើកឡើងថា សហរដ្ឋអាមេរិកបានធ្វើការសន្មតថាមានទោសចំពោះ TikTok ប៉ុន្តែមិនបង្ហាញភស្តុតាងណាមួយដែលគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួននោះទេ។ «សហរដ្ឋអាមេរិកគួរតែគោរពការប្រកួតប្រជែងដោយយុត្តិធម៌ និងបញ្ឈប់ការគាបសង្កត់ក្រុមហ៊ុនបរទេស»៕