(ប៊ុយនុសអ៊ែរ)៖ កីឡាករ Marc Marquez របស់ក្រុម Honda នឹងត្រូវអវត្តមានការប្រកួតជុំទី២ នៃព្រឹត្តិការណ៍ប្រណាំងម៉ូតូ MotoGP នៅប្រទេសអាហ្សង់ទីន បន្ទាប់ពីទទួលការវះកាត់ ដើម្បីព្យាបាលការបាក់ដៃខាងស្តាំរបស់លោក បន្ទាប់ពីបុកជាមួយកីឡាករ Miguel Oliveira ក្នុងការប្រកួតបើករដូវកាលនេះ, នេះបើតាមការឲ្យដឹងពីក្រុម ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។

Marquez និង Oliveira បានធ្លាក់ចេញពីការប្រណាំង បន្ទាប់ពីឧប្បតិហេតុបុកគ្នាកើតឡើង ខណៈ Marquez ដែលជាម្ចាស់ពានរង្វាន់ថ្នាក់កំពូលចំនួន ៦លើកនោះ ក្រោយមកបានធ្វើការសុំទោស ចំពោះកំហុសរបស់លោក។

សូមជម្រាបថា ព្រឹត្តិការណ៍ Argentina GP នឹងរៀបចំឡើងនៅចុងសប្តាហ៍នេះ នៅឯទីលានប្រណាំង Termas de Rio Hondo Circuit៕