(ឡុងដ៍)៖ ក្លិប Chelsea បានខាតបង់ប្រាក់សរុប ១២១.៣លានផោន (១៤៨.៦៥លានដុល្លារ) សម្រាប់រដូវកាល២០២១-២២ ដោយសារ «ការចំណាយខុសពីប្រក្រតី និងការខាតបង់ប្រាក់ចំណូល» បន្ទាប់ពីរងទណ្ឌកម្ម ដែលដាក់លើអតីតម្ចាស់ក្លិប លោក Roman Abramovich, នេះបើតាមរបាយការណ៍ប្រកាសពីក្លិបលេងនៅលីគ Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។

អតីតម្ចាស់ក្លិបសញ្ជាតិរុស្ស៊ី លោក Abramovich បានប្រកាសដាក់លក់ក្លិប កាលពីដើមខែមីនា ឆ្នាំ២០២២ បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន, ដែលទីក្រុងម៉ូស្គូ បានហៅថា «ប្រតិបត្តិការយោធាពិសេស», ក្រោយមករដ្ឋាភិបាលអង់គ្លេស បានដាក់ទណ្ឌកម្មទៅលើលោក Abramovich ដែលបង្កឲ្យមានភាពស្មុគស្មាញ ចំពោះដំណើរការលក់ក្លិប។

Chelsea មិនត្រូវបានអនុញ្ញាតឲ្យលក់សំបុត្រ ដែលជាលទ្ធផលនៃការបាត់បង់ប្រាក់ចំណូល, ស្របពេលដែលការចំណាយប្រតិបត្តិការរបស់ពួកគេ ក៏ត្រូវបានកាត់បន្ថយ ដោយសារតែការដាក់កំហិត ពីរដ្ឋាភិបាល រហូតដល់ការលក់ក្លិបត្រូវបានសម្រេចទាំងស្រុង នៅចុងខែឧសភា កន្លងទៅ។

Chelsea ត្រូវក៏បានទិញដោយក្រុមហ៊ុនវិនិយោគ ដឹកនាំដោយបុរសអ្នកជំនួញសហអាមេរិក លោក Todd Boehly និងក្រុមហ៊ុន Clearlake Capital, ដែលបានវិនិយោគអស់ជាង ៦០០លានអឺរ៉ូ (៦៤៥.៧៨លានដុល្លារ) លើការផ្ទេរកីឡាករ នូវរដូវកាលដោះដូរកីឡាករចំនួន ២លើកកន្លងមកនេះ។

ដោយឡែកក្លិប Chelsea FC ជាបណ្តោះអាសន្នកំពុងស្ថិតនៅចំណាត់ថ្នាក់ទី១០ ក្នុងតារាង Premier League រដូវកាលនេះ ក្រោយឆ្លងកាត់ ២៧ប្រកួត, ប៉ុន្តែបានឡើងដល់វគ្គ ៨ក្រុមចុងក្រោយនៃក្របខណ្ឌលីគ UEFA Champions League ដែលពួកគេនឹងត្រូវជួបក្រុមម្ចាស់ពានរង្វាន់ជើងឯក Real Madrid នៅខែក្រោយ៕