(ភ្នំពេញ)៖ លី នីង (Li-Ning) បានប្រកាសសម្ពោធហាងដ៏ធំរបស់ខ្លួននៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ខណៈសាធារណជនជាច្រើន ត្រូវបានអញ្ជើញឱ្យចូលរួមអបអរសាទរក្នុងឱកាសនេះ ដើម្បីទទួលបានកម្មវិធីពិសេសនៅក្នុងហាង និងទទួលបានបទពិសោធន៍ថ្មីនៃហាងផ្ទាល់។

Li-Ning គឺជាម៉ាកយីហោឈានមុខរបស់ចិន ខាងផ្នែកសម្លៀកបំពាក់កីឡា និងស្បែកជើង ដែលបានចាក់ឫសតាមទស្សនៈរបស់អ្នកបង្កើត និងឈ្មោះរបស់ខ្លួន ដែលជាអ្នកហាត់កាយសម្ព័ន្ធជើងឯក គឺ លោក Li Ning ដែលបានបង្កើតយីហោនេះ ក្នុងឆ្នាំ១៩៩០ ជាមួយនឹងគោលដៅសាមញ្ញ ក្នុងការផ្តល់ឱ្យអត្តពលិកចិននូវម៉ាកយីហោជាតិ ដើម្បីពាក់នៅលើឆាកប្រកួតពិភពលោកកីឡាអូឡាំពិក។

ការបើកសម្ពោធនេះរួមមានការផ្តល់ជូនពិសេសនៅក្នុងហាងរហូតដល់ ៣០% សម្រាប់អតិថិជនដែលបានជាវទំនិញក្នុងហាង។ DJ Maily ក៏បានចូលរួមអបអរសាទរ និងសម្តែងនៅក្នុងហាងចាប់ពីម៉ោង ៤៖៣០ល្ងាច ដល់ ៦៖៣០ល្ងាច។

លោក Dedi Rineldy ប្រធានផ្នែកលក់រាយ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភ្ញៀវទាំងអស់ ដែលបានមកចូលរួម និងគាំទ្រព្រឹត្តិការណ៍សម្ពោធហាងដំបូងគេរបស់ លី នីង នៅក្នុងប្រទេសកម្ពុជា ដែលមានទីតាំងនៅផ្សារទំនើបអ៉ីអនម៉ល៣ ដ៏ធំបំផុត ក្នុងរាជធានីភ្នំពេញ។

លោកបន្តថា កីឡាបានក្លាយជាចំណុចសំខាន់ក្នុងការនាំមនុស្សគ្រប់គ្នាឲ្យរួមគ្នា និងដឹកនាំរបៀបរស់នៅដែលមានសុខភាពល្អ។ Li Ning កម្ពុជាប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការគាំទ្របុព្វហេតុនេះ៕