(ភ្នំពេញ)៖ សម្រាប់ការប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ រដូវកាលឆ្នាំ២០២៣-២០២៤ តាមការបង្ហាញពី CNCC ប្រាក់រង្វាន់មានការកើនឡើងជាងរាល់ឆ្នាំ ដោយរដូវកាលថ្មីនេះ បានបង្កើនប្រាក់រង្វាន់ឈានដល់ប្រមាណ ២០លានរៀល សម្រាប់ក្រុមជើងឯកថ្នាក់ខេត្ត និងក្រុមជើងឯកថ្នាក់ជាតិឈានទៅប្រមាណ ១៥០លានរៀល ខណៈក៏មានការដាក់បញ្ជូលឱ្យមានកីឡាកបរទេស ដើម្បីពង្រឹងការប្រកួតប្រជែងកាន់តែខ្លាំង។

ចំណុចសំខាន់នៃការប្រកួតប្រជែងរដូវកាលថ្មី ២០២៣-២០២៤ នៃពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ គណៈកម្មាការរៀបចំការប្រកួត CNCC បានរៀបចំកិច្ចប្រជុំពិភាក្សា អំពីការអនុញ្ញាតឲ្យមានកីឡាករបរទេសចូលរួមនេះ គឺស្ថិតក្រោមហេតុផលដើម្បីបង្កើតឱ្យមានការប្រកួតប្រជែងបន្ថែមកាន់តែខ្លាំង, ក្នុងនោះ ក្លិបបចូលរួមត្រូវចុះឈ្មោះកីឡាករយ៉ាងតិចបំផុតចំនួន ១៨នាក់ និងយ៉ាងច្រើនបំផុត ៣៥នាក់ ហើយកីឡាករបរទេសក្លិបអាចចុះឈ្មោះបានចំនួន ៦នាក់ និងមន្ត្រីចំនួន ១២នាក់។

គូសបញ្ជាក់ផងថា នារសៀលថ្ងៃអង្គារ ទី២៨ ខែមីនា និងថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣-២០២៤ មានការប្រកួតចូលមកដល់ហើយ ដោយមាន ៨ក្រុមចូលរួមនៃការចាប់ផ្តើមប្រកួតដំបូងកម្រិតថ្នាក់ខេត្ត នៃសប្តាហទី១៖

ការប្រកួតនៅថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣ រួមមាន៖
១៖ ខេត្តកែប Vs មន្ទីរ អ.យ.ក ខេត្តកំពង់ស្ពឺ។
២៖ កំពត អេហ្វស៊ី Vs ខេត្តព្រះសីហនុ។

រីឯការប្រកួតនៅថ្ងៃពុធ ទី២៩ ខែមីនារួមមាន៖
១៖ មន្ទីរ អ.យ.ក ខេត្តកំពង់ឆ្នាំង Vs ខេត្តស្វាយរៀង។
២៖ មន្ទីរ អ.យ.ក ខេត្តកំពង់ចាម Vs មន្ទីរ អ.យ.ក ខេត្តត្បូងឃ្មុំ។

ខាងក្រោមនេះជាតារាងប្រាក់រង្វាន់ និងកថិវិកាឧបត្ថម្ភក្រុមប្រកួតរដូវកាល២០២៣-២០២៤ រួមមាន៖
សម្រាប់ប្រាក់រង្វាន់ក្រុមជើងឯកថ្នាក់ខេត្ត៖
១៖ ប្រាក់រង្វាន់ក្រុមជើងឯក ទទួលបាន ២០,០០០,០០០៛។
២៖ ប្រាក់រង្វាន់ក្រុមជើងឯករង ទទួលបាន ១០,០០០,០០០៛។
៣៖ ប្រាក់រង្វាន់ក្រុមជើងឯករង លេខ៣ ទទួលបាន ៨,០០០,០០០៛។
៤៖ ប្រាក់រង្វាន់កីឡាករទាត់ចូលទីច្រើនជាងគេ ទទួលបាន ២,០០០,០០០៛។
៥៖ ប្រាក់រង្វាន់កីឡាករចាំទីល្អជាងគេ ទទួលបាន ២,០០០,០០០៛។
៦៖ ប្រាក់រង្វាន់គ្រូល្អជាងគេ ទទួលបាន ២,០០០,០០០៛។
សរុប៖រដូវកាលឆ្នាំ២០២៣-២០២៤ ទទួលបានប្រាក់រង្វាន់ ៤៤,០០០,០០០៛។

សម្រាប់ប្រាក់រង្វាន់ថ្នាក់ជាតិវិញរួមមាន៖
១៖ ប្រាក់រង្វាន់ក្រុមជើងឯក ទទួលបាន ១៥០,០០០,០០០៛។
២៖ ប្រាក់រង្វាន់ក្រុមជើងឯករង ទទួលបាន ១០០,០០០,០០០៛។
៣៖ ប្រាក់រង្វាន់ក្រុមជើងឯករង លេខ៣ ទទួលបាន ៧០,០០០,០០០៛។
៤៖ ប្រាក់រង្វាន់ក្រុមអាជ្ញាកណ្តាលល្អ ទទួលបាន ៨,០០០,០០០៛។
៥៖ ប្រាក់រង្វាន់ក្រុម FAIR PLAY ទទួលបាន ១០,០០០,០០០៛។
៦៖ ប្រាក់រង្វាន់កីឡាករទាត់ចូលទីច្រើនជាងគេ ទទួលបាន ៥,០០០,០០០៛។
៧៖ ប្រាក់រង្វាន់កីឡាករចាំទីល្អជាងគេ ទទួលបាន ៥,០០០,០០០៛។
៨៖ ប្រាក់រង្វាន់គ្រូល្អជាងគេ ទទួលបាន ៥,០០០,០០០៛។
៩៖ ប្រាក់រង្វាន់កីឡាករល្អជាងគេ ទទួលបាន ៥,០០០,០០០៛។
សរុបមករដូវកាលឆ្នាំ២០២៣-២ឥ២៤ ទទួលបាន ៤០២,០០០,០០០៛៕