(បរទេស)៖ តារាសម្តែងជប៉ុន-អង់គ្លេស កញ្ញា Rina Sawayama ដែលជាតួអង្គលេចធ្លោរមួយរូប ក្នុងរឿងភាពយន្តល្បី «John Wick» វគ្គ៤ ដើរជាតួអង្គ Akira នោះ បានបង្ហាញពីចំណុចគួរឲ្យចាប់អារម្មណ៍មួយចំនួន នៅពេលបានចូលរួមសម្តែងជាមួយតារាល្បី Reanu Reeves។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន International The News នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។

Sawayama បានបង្ហាញខ្លួនជាលើកដំបូង ក្នុងខ្សែភាពយន្តជាមួយ John Wick: Chapter វគ្គ៤ ខណៈកន្លងទៅតារាសម្តែងស្រីរូបនេះ មានឈ្មោះល្បីតែក្នុងវិស័យតន្ត្រីប៉ុណ្ណោះ។ នៅក្នុងការសន្ទនាជាមួយ USA Today តារាស្រីជនជាតិជប៉ុន-អង់គ្លេស Sawayama បានប្រាប់ពីចំណុចមួយចំនួន របស់តារាល្បី Reeves ដោយបញ្ជាក់ថា តារាល្បី​តួអង្គ John Wick ដឹងថា ជាភាពយន្តដំបូងរបស់នាង ហើយលោកបាន មើលការខុសត្រូវ និងណែនាំនាងច្រើនពីការសម្ដែងភាពយន្ត។ បើនិយាយទៅ នាងហាក់មិនប្រាកដខ្លួនឯងនោះទេ ប៉ុន្តែតារាប្រុស Reeves បានជំរុញទឹកចិត្តនាង ដើម្បីឲ្យ​ប្រាកដ​ថា​ គ្រប់​យ៉ាង​នាងអាចធ្វើបាន និងល្អប្រសើរ។

Sawayama ដើរតួជា Akira នៅក្នុង John Wick វគ្គ៤ ដែលជាអ្នកការពារក្នុងសណ្ឋានគារអូសាកា ដែលនាងដើរតួជាកូនស្រីរបស់ Shimazu សម្តែងដោយតារាសម្តែងជប៉ុនរឿងព្រេងនិទាន Hiroyuki Sanada។ ដោយសារតែ ដើម្បីជួយដល់តួអង្គ John Wick ពីក្រុមឧក្រិដ្ឋជន នាងនិងឪពុកត្រូវប្រយុទ្ធជាមួយឃាតករជាច្រើនលើក។

គួរជម្រាបថា ចាប់ផ្តើមចាក់បញ្ចាំងនៅថ្ងៃទី២៤ ខែមីនា កន្លងទៅនេះ​រឿង John Wick វគ្គ៤ ទទួលបានការគាំទ្រយ៉ាងច្រើន ដោយទទួលបានប្រាក់ចំណូលរហូតដល់ ១៣៧.៥លានដុល្លារ គិតត្រឹមថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ខណៈរឿងនេះចំណាយទុន ក្នុងការផលិតអស់ខ្ទង់១០០លានដុល្លារ៕